បីឆ្នាំក្រោយរដ្ឋប្រហារ មីយ៉ាន់ម៉ារងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងលំបាកលំបិន

អន្តរជាតិ

រយៈពេលជាងបីឆ្នាំក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១មកនេះ ប្រជាជនមីយ៉ាន់ម៉ាបានទទួលរងនូវភាពលំបាកលំបិនងើបមុខសឹងមិនរួច ដោយសារតែតម្លៃទំនិញមានការកើនឡើងខ្ពស់ ពិសេសទំនិញដែលជាតម្រូវការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ មានតម្លៃច្រើនជាងប្រាក់ចំណូលដែលខ្លួនរកបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Irrawaddy បានចុះផ្សាយថា ទីផ្សារអង្ករដែលមានគុណភាពខ្ពស់កាលពីក្នុងខែមករា ឆ្នាំ២០២១ មានតម្លៃប្រហែល ១៦,៥០ដុល្លារក្នុងមួយបាវ ក៏ប៉ុន្តែនៅខែមករា ឆ្នាំ២០២៤នេះវិញ វាបានហក់ឡើងដល់ចំនួន ៤៤,២០ដុល្លារកើនឡើងជាង១៦០% នៅក្នុងរយៈពេលបីឆ្នាំ ស្របពេលទីផ្សារអង្ករដែលមានគុណភាពទាបកាលពីអំឡុងរយៈពេលដូចគ្នានោះ មានតម្លៃត្រឹមតែ ៨,៤០ដុល្លារក្នុងមួយបាវប៉ុណ្ណោះ ប៉ុន្តែបច្ចុបន្នវាបានកើនឡើងតម្លៃដល់ទៅជាង២២០% ឬស្មើនឹងចំនួន ២៧ដុល្លារ។

ជាមួយគ្នាកាលពីឆ្នាំ២០២១ តម្លៃប្រេងដូងដែលអាចបរិភោគបានមានតម្លៃខ្ទង់ ១,២០ដុល្លារក្នុងទម្ងន់ ១,៦គីឡូក្រាមក៏ប៉ុន្តែបច្ចុបន្នវាបានកើនឡើងស្ទើរតែទ្វេដងដល់ចំនួន ២,១០ដុល្លារ។ អាស្រ័យហេតុនេះហើយ ទើបធ្វើឲ្យអ្នកប្រើប្រាស់ដែលមានលទ្ធភាពទិញប្រេងពីមុន បច្ចុបន្ននេះភាគច្រើនលែងសូវមានលិទ្ធភាព ហើយអ្នកខ្លះទៀតក៏ត្រូវយកប្រេងទាំងនោះ ទៅលាយជាមួយល្បាយប្រភេទផ្សេងៗទៀត ដើម្បីអាចទទួលបានចំនួនច្រើន។

បញ្ហាដែលចម្បងមួយផ្សេងទៀតគឺថា ប្រជាជនមីយ៉ាន់ម៉ាកំពុងរងទុក្ខដោយសារការកង្ខះខាតប្រេងឥន្ធនៈ ពោលនៅពេលដែលអ្នកនាំចូលមិនអាចទូទាត់ជាប្រាក់ដុល្លារបាន ជាហេតុនាំឲ្យមានការពន្យាពេលផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ទីក្រុងធំៗរបស់ប្រទេស។ លើសពីនេះ តម្លៃប្រេងសាំង ក៏ដូចជាប្រេងម៉ាស៊ូតជាដើម បានហក់ឡើងតម្លៃគួរឲ្យកត់សំគាល់ តួយ៉ាងកាលពីឆ្នាំ២០២១ ប្រភេទប្រេងសាំងអុកតាន៩៥ មានតម្លៃ ០,២០ដុល្លារក្នុងមួយលីត្រ ខណៈបច្ចុបន្នវាបានកើនឡើងដល់ទៅ ១,២៥ដុល្លារឬស្មើនឹងការកើនឡើង៥២០% ។

យ៉ាងណាបើក្រឡេកមកមើលអំពីហាំងឆេងមាស ក៏មានការកើនឡើងព្រមគ្នាផងដែរ ពោលមាសទម្ងន់១៦,៣ក្រាម កាលពីមុនមានរដ្ឋប្រហារកើតមានឡើងមាសមានតម្លៃប្រហែល ៣៧៧ដុល្លារប៉ុណ្ណោះ ក៏ប៉ុន្តែនៅខែមករាឆ្នាំ២០២៤នេះវិញវាបានកើនដល់ចំនួន ១ ១០៥ដុល្លារ ខណៈការកើនឡើងដូច្នេះក៏អាចមកពីប្រជាពលរដ្ឋសម្រុកទិញលោហៈដែលមានតម្លៃថ្លៃប្រភេទនេះ ចំពេលតម្លៃរូបិយបណ្ណគីយ៉ាត (Kyat) របស់មីយ៉ាន់ម៉ាមានការធ្លាក់ចុះ។

គួរបញ្ជាក់ថា មុនរដ្ឋប្រហារតម្លៃអត្រាប្តូរប្រាក់ខ្ទង់ ១ ៣៣០គីយ៉ាត អាចប្តូរប្រាក់ស្មើនឹងមួយដុល្លារអាមេរិក ក៏ប៉ុន្តែនៅខែដំបូងនៃឆ្នាំ២០២៤នេះវិញ វាបានកើនឡើងដល់ទៅ ៣ ៥០០គីយ៉ាតក្នុងមួយដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ បីឆ្នាំមកនេះទំហំពាណិជ្ជកម្ម​ និងការវិនិយោគពីបរទេសបានទទួលរងនូវការធ្លាក់ចុះជាសកម្ម ហើយបើប្រៀបធៀបសារពើពន្ធឆ្នាំ២០២២ ទៅ២០២៣ ក្រោមការដឹកនាំពីរបបយោធា ទៅនឹងសារពើពន្ធឆ្នាំ២០១៩ ទៅ២០២០ ដែលស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលស៊ីវិលវិញ ការវិនិយោគពីបរទេសមានការធ្លាក់ចុះដល់ទៅជាង១៩០% ខណៈទំហំពាណិជ្ជកម្មក៏ធ្លាក់ចុះ៨% ផងដែរ៕