ក្រុមហ៊ុនផលិតរថយន្តចំនួន ៥នៅកូរ៉េខាងត្បូង នឹងប្រមូលរថយន្តមកវិញជាងបួនម៉ឺនគ្រឿង

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងបរទេសសរុបចំនួន ៥ក្រុមហ៊ុន នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើការប្រមូលរថយន្តមកវិញប្រមាណ ៤៤ ២៨០គ្រឿង ដោយសារតែមានបញ្ហាខុសឆ្គងមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៨ ខែកុម្ភៈ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានលើកឡើងថា ក្រុមហ៊ុន Hyundai Motor នឹងប្រមូលមកវិញនូវរថយន្តម៉ូឌែល Kona SX2 subcompact SUV ចំនួន ១៨ ៦៦៤គ្រឿងដោយសារតែមានការខូចខាតចំពោះឧបករណ៍ការពារខ្សែភ្លើង ព្រមទាំងប្រមូលមកវិញនូវម៉ូឌែល NEXO ចំនួន ២៤៦គ្រឿង ដើម្បីជួសជុលពោងខ្យល់។

ជាមួយគ្នានោះក្រុមហ៊ុន Mercedes-Benz Korea នឹងប្រមូលរថយន្ត ២២ម៉ូឌែលផ្សេងៗគ្នាសរុបចំនួន ១២ ៥២១គ្រឿង រួមទាំងរថយន្តម៉ូឌែល E350 4MATIC sedan ដើម្បីជួសជុលផ្នែកមួយនៃម៉ាស៊ីនបូមប្រេង។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន BMW Korea ក៏នឹងប្រមូលរថយន្តរបស់ខ្លួនចំនួន ១៩ម៉ូឌែលដែលសរុបប្រមាណ ៨ ៨២៦គ្រឿងមកវិញផងដែរ តួយ៉ាងក្រុមហ៊ុននេះនឹងប្រមូលម៉ូឌែល 528i ដោយសារតែវាមានបញ្ហានៅក្នុងប្រព័ន្ធគ្រប់គ្រងសន្ទះបិទបើក ស្របពេលក្រុមហ៊ុន Honda Korea ឯណោះវិញ នឹងជួសជុលខ្សែថ្មដែលមានបញ្ហានៅម៉ូឌែល CR-V HYBRID ប្រមាណ ២ ០៨០គ្រឿង។

ទន្ទឹមគ្នានេះក្រុមហ៊ុន MAN Truck & Bus Korea នឹងប្រមូលមកវិញនូវម៉ូឌែលរថយន្តចំនួន៤ សរុបជាង ១ ៩៤៤គ្រឿង ជាពិសេសរថយន្តម៉ូឌែល TGM Cargo ដោយសារតែវាមានបញ្ហាតម្រង់ប្រេង៕