អង្គភាពប្រឆាំងអំពើពុករលួយបានរាយការណ៍ថា ចន្លោះពីខែមករា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងប្រមែប្រមូលលុយ បានច្រើនជាង ២៣លានរីងហ្គីត ឬប្រមាណ ៤,៨លានដុល្លារ ពីទឹកប្រាក់ដែលបាត់បង់ក្នុងគម្រោងអភិវឌ្ឍន៍ម៉ាឡេស៊ី 1MDB។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានអះអាងថា រដ្ឋាភិបាលម៉ាឡេស៊ីបានព្យាយាមប្រមូលលុយដែលបាត់បង់នោះ ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមការងារស្តារទ្រព្យសម្បត្តិ 1MDB និងភ្នាក់ងារបរទេស ក៏ដូចជាតាមវិធីសាស្ត្រផ្សេងទៀត។
គួររំលឹកបន្តិចថា ក្រុមស៊ើបអង្កេតម៉ាឡេស៊ី និងអាមេរិក បានផ្ដល់ការសន្និដ្ឋានថា ទឹកប្រាក់ដែលត្រូវបានលួចកិបកេងពីគម្រោង 1MDB គឺមានប្រមាណ ៤,៥ពាន់លានដុល្លារឯណោះ។
ជម្រាបបន្ថែមថា ចន្លោះពីឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រមូលប្រាក់ប្រហែល ២៩ពាន់លានរីងហ្គីត ឬជាង ៦ពាន់លានដុល្លារ ស្មើនឹង ៧០% នៃទឹកប្រាក់សរុបដែលបានលួចពីគម្រោង 1MDB។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times៕