យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានរាយកាណ៍នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភ:នេះថា សភាប្រជាជនកំពូលរបស់ប្រទេសកូរ៉ខាងជើង បានសម្រេចបោះឆ្នោតលុបចោលនូវកិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉ខាងត្បូង ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សភាជាន់ខ្ពស់របស់កូរ៉េខាងជើង បានចាត់វិធានការជាផ្លូវការដើម្បីអនុម័តទៅលើសេចក្តីសម្រេចរបស់គណបក្សកម្មករ ដែលកំពុងកាន់អំណាចទៅលើការលុបចោលកិច្ចព្រមព្រៀងនេះ ក៏ដូចជាបានបោះឆ្នោតឲ្យមានការលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសផ្សេងទៀត ស្តីពីកិច្ចសហប្រតិបត្តិការនៃគម្រោងទេសចរណ៍ Mount Kumgang ផងដែរ។
គួរឲ្យដឹងផងដែរថា គម្រោងទេសចរណ៍ Mount Kumgang ដែលជាការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ភ្នំដ៏ស្រស់ស្អាត ស្ថិតនៅភាគជើងនៃព្រំដែនរវាងប្រទេសទាំងពីរ គឺជានិមិត្តរូបដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចំពោះកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលត្រូវបានចាប់ផ្តើមឡើងក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ មក ដោយទីនោះបានទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២ លាននាក់។
យ៉ាងណាក៏ដោយ ជុំវិញការប្រកាសលុបចោលកិច្ចព្រមព្រៀងនេះ នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ ចំពេលទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់កំពុងមានកើនឡើងកម្តៅសារជាថ្មី។
ទន្ទឹមនឹងនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលជាអ្នកគ្រប់គ្រងទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បាននិយាយថា សកម្មភាពរបស់កូរ៉េខាងជើង ហាក់មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះឡើយ នៅពេលដែលមន្ត្រីរបស់កូរ៉ខាងត្បូងម្នាក់ បានបន្ថែមថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងមិនព្រមទទួលស្គាល់ការផ្លាស់ប្តូរដោយឯកតោភាគីរបស់កូរ៉ខាងជើងនោះឡើយ៕