លើកទីមួយក្នុងរយៈពេលជាង ១៦ឆ្នាំចុងក្រោយ ដែលប្រទេសចិនបានរបូតតំណែង ជាប្រភពនៃការនាំចូលទំនិញធំបំផុតរបស់សហរដ្ឋអាមេរិក ពោលប្រទេសម៉ិកស៊ិកបានដណ្ដើមតំណែងមួយនេះ ពីមហាអំណាចចិន។
យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា ការនាំចេញទំនិញពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៣ មានការធ្លាក់ចុះរហូតដល់ ២០,៣% មកនៅត្រឹមចំនួន ៤២៧,២៣ពាន់លានដុល្លារ ឬប្រហែល ១៣,៩% នៃការនាំចូលសរុបរបស់អាមេរិក។
ជាមួយគ្នា ការនាំចូលទំនិញពីប្រទេសម៉ិកស៊ិក របស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកនេះ កើនឡើងប្រមាណ ៤,៦% កាលពីឆ្នាំទៅរហូតដល់ចំនួន ៤៧៥,៦ពាន់លានដុល្លារ ឬស្មើនឹងការនាំទំនិញចូលសរុបដល់ទៅ ១៥,៤% ក្លាយជាប្រភពនាំចូលរបស់អាមេរិកធំបំផុតនាឆ្នាំ២០២៣។
គួសបញ្ជាក់ដែរថា ការនាំចូលទំនិញពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក មានការធ្លាក់ចុះបែបនេះ គឺដោយសារសង្គ្រាមភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ដែលអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិនជាច្រើន ក៏ដូចជារារាំងដល់ការធ្វើពាណិជ្ជកម្មរបស់មហាអំណាចអាស៊ី ស្របពេលការធ្លាក់ចុះនេះផងដែរ គឺកើតឡើងជាលើកដំបូង តាំងពីឆ្នាំ២០០៨មក៕