រដ្ឋមន្ត្រីការបរទេសស្លូវេនីលោកស្រី Tanja Fajon បានលើកឡើងថា ទណ្ឌកម្មដែលសហភាពអឺរ៉ុបបានដាក់កាលពីពេលកន្លងមក ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យរុស្ស៊ីរងនូវវិបត្តិសេដ្ឋកិច្ចនោះ ហាក់គ្មានបានផលអ្វីទាល់តែសោះ តែបែរជានាំឲ្យសមាជិកសហភាពអឺរ៉ុបជួបនូវស្ថានភាពលំបាកទៅវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ លោកស្រី Tanja បាននិយាយថា បច្ចុបន្ននេះមិនមានសញ្ញាណណាមួយដែលបង្ហាញថា ជម្លោះអ៊ុយក្រែនត្រូវបានដោះស្រាយដោយសន្តិភាពគ្រប់ពេលវេលានោះទេ។ ម្យ៉ាងវិញទៀត អរិភាពដែលកំពុងបន្តបានបង្កការគំរាមកំហែងមិនត្រឹមតែដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជិតខាងសហភាពអឺរ៉ុប និងសេដ្ឋកិច្ចរបស់ពួកគេថែមទៀត។
លើសពីនេះ លោកស្រីបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្ម ទៅលើទីក្រុងមូស្គូឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដោយលោកស្រីបានកត់សំគាល់ថា ទណ្ឌកម្មដែលបានដាក់កន្លងមក ហាក់ដូចជាមិនបានធ្វើឲ្យពួកយើងឃើញថា លោកពូទីនកើតទុក្ខទាល់តែសោះ។
ទន្ទឹមនឹងនោះ ទីក្រុងគៀវក៏តែងតែត្អូញត្អែរម្តងហើយម្តងទៀតថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើទីក្រុងមូស្គូមានលក្ខណៈទន់ខ្សោយពេក មិនមានទម្ងន់នោះទេ ខណៈប្រធាននាយកដ្ឋានដាក់ទណ្ឌកម្មនៃទីភ្នាក់ងារជាតិស្តីពីការទប់ស្កាត់អំពើពុករលួយរបស់អ៊ុយក្រែនលោកស្រី Agiya Zagrebelskaya បាននិយាយកាលពីដើមសប្តាហ៍នេះថា ទីក្រុងព្រុចសែលប្រហែលជាមិនអាចរឹតបន្តឹងទណ្ឌកម្មរបស់ខ្លួនទៅលើរុស្ស៊ីទៀតនោះឡើយ។
ទីក្រុងមូស្គូឯណោះវិញ បានថ្កោលទោសម្តងហើយម្តងទៀត នូវទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើវិស័យសំខាន់ៗរបស់ខ្លួន ហើយបានហៅការបង្កទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើមនោះ ជាអំពើខុសនឹងច្បាប់ ជាការរំលោភលើកម្មសិទ្ធ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ ក៏ដូចជានាំអាទិ៍ធ្វើឲ្យខូចសណ្ដាប់ធ្នាប់មូលដ្ឋានគ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ចទាំងមូល។
យ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយប្រាប់ត្រង់ៗថា សេដ្ឋកិច្ចជាតិរបស់ខ្លួននៅតែស្ថិតក្នុងស្ថានភាពល្អ និងបន្តរីកចម្រើនដដែល ស្របពេលលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin បានកត់សំគាល់ថា សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូបាននិងកំពុងដំណើរការប្រសើរជាងដៃគូនៅអឺរ៉ុបទៅទៀត ខណៈដែល GDP ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ទៅ៤% នៅឆ្នាំ២០២៤នេះ៕