រដ្ឋាភិបាលឥណ្ឌា កាលពីពេលថ្មីៗនេះ បានសម្រេចលុបចោលនូវច្បាប់ធ្វើដំណើរដោយសេរីនៅច្រកព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបានមើលឃើញពីការកើនឡើងនៃការធ្វើចំណាកស្រុកដែលបង្កជាក្តីបារម្ភខ្លាំងចំពោះផ្នែកសន្តិសុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការសម្រេចលុបចោលការធ្វើដំណើរដោយសេរីនៅច្រកព្រំដែននេះ គឺដើម្បីធានាបាននូវសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្តនៃរដ្ឋដែលស្ថិតនៅភាគឦសានរបស់ប្រទេសឥណ្ឌា ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការប្រកាសដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah ។
គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានអនុវត្តច្បាប់នៃការធ្វើឲ្យដំណើរដោយសេរី ក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានមើលឃើញពីភាពប្រសើរឡើងនៃស្ថានភាពសន្តិសុខ នៅក្នុងរដ្ឋជាប់ព្រំដែននេះ ខណ:កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឲ្យអ្នកស្រុកពីភាគីម្ខាង ចូលទៅម្ខាងទៀតដោយពុំតម្រូវឲ្យមានឯកសារអ្វីទាំងអស់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានអំពើហិង្សាជនជាតិភាគតិចដ៏សាហាវ តាំងពីដើមឆ្នាំមុនមក បានជំរុញឲ្យប្រទេសឥណ្ឌា ចាប់ផ្តើមធ្វើការរឹតបន្តឹងច្រកព្រំដែនរបស់ខ្លួន ដោយហាមឃាត់អ្នកស្រុកនៅតំបន់នោះមិនអាចចូលបានដោយសេរីដូចមុនឡើយ៕