ធនាគារ VTB ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី គ្រោងនឹងធ្វើការពង្រីងវត្តមានរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសចិន ជាមួយនឹងការបើកការរិយាល័យដំបូងនៅទីក្រុងប៉េកាំង និងទីក្រុងមួយចំនួនផ្សេងទៀត នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
នាយកប្រតិបត្តិរបស់ធនាគារ VTB លោក Andrey Kostin បានប្រាប់ទៅកាន់អភិបាលខេត្ត Primorsky Kran ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសចិនថា ៖”ឥឡូវនេះរុស្ស៊ី កំពុងពង្រីកសកម្មភាពសេដ្ឋកិច្ចបរទេសរបស់ខ្លួនយ៉ាងខ្លាំងទៅកាន់តំបន់បូព៌ា។ ហើយធនាគារ VTB តែងតែជាអ្នកដឹកនាំគេ នៅក្នុងទីផ្សារបរទេស”។
លោក Andrey បានបន្ថែមទៀតថា ៖ ” យើងកំពុងបើកការិយាល័យនៅទីក្រុងប៉េកាំង និងទីក្រុងមួយចំនួនទៀតរបស់ប្រទេសចិន នាពេលខាងមុខ។ យើងមានអាជ្ញាប័ណ្ណដើម្បីធ្វើការជាមួយប្រាក់រូបល និងប្រាក់យ៉ន់ ដើម្បីបម្រើដល់លំហូរពាណិជ្ជកម្មបរទេសជាក់លាក់មួយ”។
គួរឲ្យដឹងថា VTB ដែលជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីធំបំផុតទីពីររបស់រុស្ស៊ី បានក្លាយជាក្រុមហ៊ុនដំបូងគេដែលចាប់ផ្តើមធ្វើការផ្ទេរប្រាក់ ទៅប្រទេសចិនជាប្រាក់យន់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក ដោយឆ្លងកាត់ប្រព័ន្ធផ្ញើប្រាក់អន្តរជាតិ SWIFT ខណ:ធនាគារនេះ បានបើកសាខាដំបូងបំផុតរបស់ខ្លួន នៅក្នុងប្រទេសចិនកាលពីជាង ១៥ឆ្នាំមុន។
ជម្រាបជូនផងដែរថា ធនាគារធំៗរបស់រុស្ស៊ីជាច្រើន បានប្រញាប់ប្រញាល់បង្កើតមូលដ្ឋានថ្មីរបស់ខ្លួន នៅក្នុងប្រទេសចិន បន្ទាប់ពីមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូបានបញ្ជូនកងទ័ពរបស់ខ្លួន ទៅលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក៕