ថៃរៀបចំការដេញថ្លៃគំរោងរុករករ៉ែប្រេងចំនួន ៩ទីតាំង ទប់ទល់ការនាំចូលពីបរទេស

អន្តរជាតិ

នាយកដ្ឋានឥន្ធនៈរ៉ែថៃកំពុងរៀបចំបើកការដេញថ្លៃ ចំពោះគំរោងរុករករ៉ែប្រេងក្នុងតំបន់ដីគោកចំនួនប្រាំបួននៅទូទាំងប្រទេសថៃនាមុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បីជាក្តីសង្ឃឹមក្នុងការស្វែងរកប្រេង ឧស្ម័នធម្មជាតិ និងប្រេងឆៅបន្ថែមទៀត ទប់ទល់នឹងការនាំចូលពីបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកនៃនាយកដ្ឋានឥន្ធនៈរ៉ែលោក Warakorn Brahmopala  បាននិយាយកាលពីថ្ងៃទី៨ ខែកុម្ភៈថា តំបន់រុករករ៉ែប្រេងក្នុងតំបន់ដីគោកចំនួនប្រាំបួនទីតាំងនោះ មានប្រាំពីរទីតាំងស្ថិតនៅភាគឦសាន ខណៈដែលពីរទីតាំងទៀតស្ថិតនៅចំណុចកណ្តាលប្រទេស ដោយគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ៣៣ ៩៤៤គីឡូម៉ែត្រការ៉េ។

លោកបានបន្តថា ការរកឃើញប្រភពប្រេងថ្មីនៅប្រទេសថៃ នឹងជួយបំពេញតម្រូវការក្នុងស្រុកដែលកំពុងតែកើនឡើង និងជួយកាត់បន្ថយលើការនាំចូលឧស្ម័នធម្មជាតិ។ លើសពីនោះ នាយកដ្ឋានក៏បានជំរុញឲ្យក្រុមហ៊ុន PTT Exploration and Production ដែលជាអ្នកប្រតិបត្តិការលើគម្រោង G1/61 បង្កើនសមត្ថភាពផលិតឧស្ម័នធម្មជាតិបន្ថែមទៀតដល់ចំនួន ៨០០លានហ្វីតគូបក្នុងមួយថ្ងៃចាប់ពីខែមេសាតទៅ ដើម្បីទប់ទល់នឹងតម្រូវការប្រើប្រាស់។

មិនត្រឹមតែប៉ុណ្ណោះលោក Warakorn លើកឡើងបន្ថែមទៀតថា ផលិតកម្មប្រេងក្នុងស្រុកសព្វថ្ងៃអាចផ្គត់ផ្គង់បានត្រឹម២៨% នៃការប្រើប្រាស់របស់ប្រទេសតែប៉ុណ្ណោះ ដោយវាជាហេតុផលធ្វើឲ្យប្រទេសថៃនាំចូលដល់ទៅ៧២% ពីទីផ្សារបរទេស ដែលភាគច្រើនមកពីប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងមីយ៉ាន់ម៉ាជាដើម។

គួរជម្រាបថា បច្ចុបន្នប្រទេសថៃមានសមត្ថភាពផលិតប្រេងប្រចាំថ្ងៃបានត្រឹម ៥៥៨ ០០០បារ៉ែល ខណៈឧស្ម័នធម្មជាតិវិញទាញបានចំនួន ២,៤ពាន់លានហ្វីតគូប ស្របពេលឧស្ម័ន Condensate ទាញបានប្រមាណ ៧៥ ០០០បារ៉ែល និងប្រេងឆៅឯណោះវិញ ក៏ទាញបានចំនួន ៧០ ០០០បារ៉ែលក្នុងមួយថ្ងៃផងដែរ៕