ថៃស្វាគមន៍ភ្ញៀវទេសចរបរទេសជិត ៤លាននាក់នៅក្នុងខែមករាឆ្នាំនេះ

អន្តរជាតិ

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បាននិយាយកាលពីថ្ងៃទី១០ ខែកុម្ភៈថា ឧស្សាហកម្មរបស់ប្រទេសថៃមានសន្ទុះយ៉ាងខ្លាំង ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរបរទេសជិត ៤លាននាក់នៅក្នុងខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន The Nation បានចុះផ្សាយថា ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៨ ខែកុម្ភៈ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ៣ ៩៦៣ ៧៤៤នាក់ ដោយក្នុងនោះ ភ្ញៀវដែលមកពីប្រទេសចិនបានឈរនៅលំដាប់កំពូលក្នុងបញ្ជីដែលមានចំនួន ៧៣០ ៧៤៧នាក់ ខណៈដែលអ្នកធ្វើដំណើរមកពីម៉ាឡេស៊ីវិញមានចំនួន ៤១៩ ១១៦នាក់, រុស្ស៊ីមានចំនួន ២៧៥ ៦៤១នាក់, ឥណ្ឌាមានចំនួន ២០៩ ៤៣១នាក់ និងមកពីប្រទេសឡាវវិញមានចំំនួន ១៣០ ៥៥១នាក់។

លោក ​Chai ក៏បានលើកឡើងថា កត្តាដែលរួមចំណែកជំរុញដល់ការកើនឡើងយ៉ាងខ្លាំង នៃការធ្វើដំណើរទៅកាន់ប្រទេសថៃ អាចមកពីតម្រូវការក្នុងការធ្វើដំណើរបន្ទាប់ពីមានការរឹតបន្តឹងច្រកព្រំដែន ដោយសារការផ្ទុះឡើងនូវជំងឺរាតត្បាតក្នុងប្រទេសចិនកាលពីពេលកន្លងទៅ ហើយមួយវិញទៀតអាចមកពីគោលនយោបាយលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សូមជម្រាបបន្ថែមថា ក្រៅតែពីការទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន រដ្ឋាភិបាលថៃបាន និងកំពុងកសាងទំនាក់ទំនងវិជ្ជមានជាមួយប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ទៅវិញទៅមក។ លោក Chai បានបន្ថែមទៀតថា គំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដែលគួរឲ្យកត់សំគាល់ផ្សេងទៀតនោះគឺ គម្រោង One Destination ដែលមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ពិភពលោក ក៏ដូចជាវិស័យទេសចរណ៍ក្នុងប្រទេសចំនួនប្រាំមួយរួមមានប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕