មហសេដ្ឋីអាមេរិក លោក Jeff Bezos ត្រូវបានគេរាយការណ៍មកថា បានបន្តលក់ភាគហ៊ុនរបស់ខ្លួនជិត ១២ លានហ៊ុន នៅក្នុងក្រុមហ៊ុន Amazon ដែលមានតម្លៃសរុបប្រមាណជាង ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
ប្រភពដដែលនេះ បានអះអាងទៀតថា ការលក់ភាគហ៊ុនលើកចុងក្រោយរបស់លោក Bezos នៅក្នុងក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្សនេះ ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភ:។
នៅក្នុងឯកសារដាច់ដោយឡែកមួយ ដែលត្រូវបានបង្ហាញដោយគណៈកម្មការមូលបត្រអាមេរិក ហៅកាត់ SEC បានរាយការណ៍ទៀតថា គិតមកទល់នឹងពេលនេះ លោក Bezos បានបន្តលក់ចេញភាគហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់ នៅក្នុងក្រុមហ៊ុន Amazon ដែលមានចំនួនសរុបប្រមាណ ៥០ លានហ៊ុនរួចមកហើយ នៅក្នុងតម្លៃ ៨,៤ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា លោក Bezos បានសម្រេចលាលែងចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Amazon ក្នុងឆ្នាំ២០២១ ដើម្បីចំណាយពេលវេលាបន្ថែមទៅលើគម្រោងផ្សេងទៀតរបស់លោក រួមទាំងក្រុមហ៊ុនរ៉ុក្កែត Blue Origin និងកម្មវិធីសប្បុរសជនរបស់លោក ផងដែរ៕