រដ្ឋាភិបាលថៃ នឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មថ្មីមួយ ដើម្បីដោះស្រាយបំណុលគ្រួសារខ្ពស់

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃចន្ទ ទី១២ ខែកុម្ភ:នេះ បាននិយាយថាប្រទេសរបស់ខ្លួន នឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មថ្មីមួយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ នេះ ដើម្បីជួយដោះស្រាបញ្ហា​ចាក់ស្រេះ​ ចំពោះការកើនឡើងនៃបំណុលគ្រួសារនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានចំពោះបញ្ហានេះថា ការគ្រប់គ្រងបំណុលគ្រួសារមានបញ្ហាប្រឈមជាច្រើន ដោយសារតែម្ចាស់បំណុលមួយចំនួនបដិសេធមិនព្រមចូលរួមដោះស្រាយ។

គួរឲ្យដឹងថា ប្រទេសថៃមានអនុបាតបំណុលគ្រួសារខ្ពស់បំផុតមួយក្នុងតំបន់ ពោលគឺស្ថិតនៅកម្រិត ៩០,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) គិតនៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែកម្ចីខុសច្បាប់មានការកើនឡើងខ្លាំង ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប និងជាហេតុធ្វើឲ្យពួកគេត្រូវជាប់បំណុលជាមួយនឹងអត្រាការប្រាក់ខ្ពស់។

ជុំវិញបញ្ហានេះ លោក Srettha បាននិយាយទៀតថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មថ្មីមួយនឹងត្រូវបង្កើតឡើង ដោយធនាគាររបស់រដ្ឋាភិបាល ហើយក្រុមហ៊ុននេះនឹងទទួលបន្ទុកក្នុងការជួយដោះស្រាយបំណុលរបស់ប្រជាជន។

ជម្រាបជូនផងដែរថា កន្លងមករដ្ឋាភិបាលថៃ ក៏បានដាក់ចេញនូវវិធានការចម្បងៗមួយចំនួនផងដែរ ដូចជាការបន្ថយអត្រាការប្រាក់ និងការព្យួរបំណុល ដើម្បីគ្រប់គ្រងទៅលើបំណុលគ្រួសារដែលមានចំនួនរហូតទៅដល់ ១៦ពាន់លានបាត ឬស្មើនឹង ៤៤៦ពាន់លានដុល្លារ នៅក្នុងប្រទេស៕