យោងតាមកាសែតជាតិ Indian Express បានរាយការណ៍កាលពីថ្ងៃទី១១ ខែកុម្ភ:កន្លងទៅថាក្រុមហ៊ុន Tower Semiconductor របស់ប្រទេសអ៊ីស្រាអែល បានដាក់សំណើជូនទៅកាន់រដ្ឋាភិបាលឥណ្ឌា ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបតម្លៃ ៨ពាន់លានដុល្លារ។
ប្រភពដដែលនេះ បានអះអាងទៀតថា ក្រុមហ៊ុន Tower កំពុងស្វែងរកការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលឥណ្ឌា សម្រាប់ការគាំទ្រលើផែនការរបស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបប្រភេទទំហំ ៦៥ ណាណាម៉ែត្រ និង ៤០ ណាណាម៉ែត្រ នៅក្នុងប្រទេសឥណ្ឌា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ទាំងភាគីខាងក្រុមហ៊ុន Tower និងរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ចំពោះដំណើរការចរចាលើផែនការធំនេះ នៅឡើយនោះទេ។
ជម្រាបជូនផងដែរថា វិស័យផលិតបន្ទះឈីប បានក្លាយជាផែនការដ៏សំខាន់ដែលស្ថិតនៅក្នុងរបៀបវារ:អាជីវកម្ម របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប៉ុន្តែផែនការផ្តល់ការលើកទឹកចិត្តចំនួន ១០ពាន់លានដុល្លារ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលឥណ្ឌា សម្រាប់ឧស្សាហកម្មប្រភេទនេះ ត្រូវបានជួបបញ្ហា ដោយសារតែសំណើមួយចំនួនត្រូវបានជាប់គាំង ឬត្រូវបានលុបចោលវិញ៕