លោកពូទីន និងបេក្ខភាពបីរូបទៀត នឹងត្រូវឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី

អន្តរជាតិ

សារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃទី១១ ខែកុម្ភៈថា ការចុះបញ្ជីឈ្មោះបេក្ខភាពសម្រាប់ការបោះឆ្នោតប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីនៅខែមីនាខាងមុខបានបញ្ចប់ជាស្ថាពរហើយ ខណៈក្នុងនោះក៏រួមមានលោក វ៉្លាឌីមៀ ពូទីន ដែលកំពុងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីនាពេលបច្ចុបន្ន និងរួមទាំងអ្នកនយោបាយបីនាក់ផ្សេងទៀត ដែលសុទ្ធសឹងតែជាអ្នកគាំទ្រសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកពូទីន ដែលបច្ចុបន្នមានវ័យ ៧១ឆ្នាំនោះ នៅតែបន្តឈរឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតី ដ្បឹតរូបលោកបានកាន់អំណាចចាប់តាំងពីឆ្នាំ២០០០មកម្លេះ មួយវិញទៀត លោកត្រូវបានគេរំពឹងថា ទំនងជានឹងឈ្នះសន្លឹកឆ្នោតយ៉ាងងាយស្រួល។

ក្រៅតែពីបេក្ខភាពលោក វ៉្លាឌីមៀ ពូទីន, CEC ក៏បានធ្វើការចុះបញ្ជីឈ្មោះ លោក Vladislav Davankov ដែលជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការប្រជាជនថ្មី ព្រមទាំងបេក្ខភាពម្នាក់ទៀតលោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម-ជ្រុលនិយម របស់វិមានក្រឹមឡាំង (LDPR) និងបេក្ខភាពមកពីគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Nikolai Kharitonov ។

គួរជម្រាបថា នៅក្នុងបញ្ជីនេះមិនឃើញមានរាប់បញ្ចូលបេក្ខភាពប្រឆាំងសង្គ្រាមរុស្ស៊ីលោក Boris Nadezhdin នោះទេ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល (CEC) បានរារាំងគាត់ពីការឈរឈ្មោះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនិយាយថាខ្លួនបានរកឃើញកំហុសខុសឆ្គងនៅក្នុងការប្រមូលហត្ថលេខា ដែលត្រូវការសម្រាប់គាំទ្របេក្ខភាពរបស់លោក៕