ថៃឈរលេខរៀងទីបី ជាប្រទេសនាំចេញសាច់មាន់ធំបំផុតនៅលើពិភពលោក

អន្តរជាតិ

ប្រទេសថៃបាននាំចេញសាច់មាន់ជាង ១០០ ០០០តោនដែលមានតម្លៃជាង ១០០ពាន់លានបាត (២៧០០លានដុល្លារ) កាលពីឆ្នាំមុន ជាហេតុនាំឲ្យប្រទេសមួយនេះក្លាយជាប្រទេសនាំចេញសាច់មាន់ធំលំដាប់ទីបីនៅលើពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមផ្សព្វផ្សាយសត្វបក្សីនៃប្រទេសថៃលោកស្រី Chaweewan Kampa បាននិយាយថា ចំណាត់ថ្នាក់នៅក្នុងឆ្នាំ២០២៣ របស់ប្រទេសថៃ គឺមានភាពប្រសើរឡើងពីចំណាត់ថ្នាក់លេខ៤ ក្នុងឆ្នាំ២០២២ ។ លើសពីនោះ លោកស្រីបានកោតសរសើរចំពោះវិធានការជំរុញការនាំចេញរបស់រដ្ឋាភិបាល ក៏ដូចជាការសម្រេចចិត្តដ៏ឆាប់រហ័សក្នុងការនាំចូលសណ្តែកសៀង ក្រោមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) មួយឆ្នាំទៀត ដែលបានជួយសម្រួលដល់បញ្ហាទាក់ទិនទៅនឹងការកើនឡើងតម្លៃ ព្រមទាំងបញ្ហាកង្វះចំណីសត្វ។

យ៉ាងណាក៏ដោយ លោកស្រី Chaweewan បានចង្អុលបង្ហាញថា ប្រទេសថៃកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការក្នុងស្រុក ដោយសារតែតម្លៃផលិតកម្មមានខ្ពស់ជាងបើធៀបនឹងគូប្រជែង ពោលទាំងប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក គឺជាមូលដ្ឋានផលិតកម្មសណ្តែកសៀង និងពោតដ៏ធំបំផុតរបស់ពិភពលោក សម្រាប់ប្រើប្រាស់ក្នុងការផលិតចំណីសត្វ។

គួរបញ្ជាក់ផងដែរថា ចំពោះកិច្ចព្រមព្រៀងក្រោមបទប្បញ្ញត្តិរបស់ WTO នោះអនុញ្ញាតឱ្យថៃនាំចូលសណ្តែកសៀងក្នុងអត្រាពន្ធ២% ជំនួសឱ្យអត្រាធម្មតា១១៩% ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អនុញ្ញាតឱ្យនាំចូលពោតសម្រាប់ចំណីសត្វក្នុងអត្រាពន្ធ២០% ជំនួសឱ្យអត្រាធម្មតា៧០% សម្រាប់ចំនួនរហូតដល់ទៅ ៥៤ ៧០០តោន៕