ថៅកែក្រុមហ៊ុនការពារជាតិដ៏ធំបំផុតរបស់ប្រទេសអាឡឺម៉ង់ Rheinmetall លោក Armin Papperger បាននិយាយថា អឺរ៉ុបត្រូវការពេលប្រមាណជា ១០ឆ្នាំទៀត មុនពេលខ្លួនត្រៀមលក្ខណៈសម្បត្តិរួចជាស្រចដើម្បីទុកការពារខ្លួន ព្រោះឃ្លាំងស្តុកទុកគ្រាប់រំសេវបច្ចុបន្នគឺទទេស្អាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។
ថ្លែងក្នុងពិធីបុកគ្រឹះសាងសង់រោងចក្រផលិតអាវុធដ៏ធំមួយនៅរដ្ឋ Lower Saxony លោក Papperger បានលើកឡើងថា ខ្លួននឹងវិនិយោគជាង ៣០០លានដុល្លារនៅក្នុងរោងចក្រថ្មីនេះ ខណៈវាត្រូវបានគេរំពឹងថា នឹងផលិតគ្រាប់កាំភ្លើងធំឲ្យបានចំនួន ២០០ ០០០គ្រាប់ក្នុងមួយឆ្នាំៗ។
មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែមថា គ្រាប់រំសេវដ៏ច្រើនសន្ធឹកសន្ធាប់របស់អឺរ៉ុបត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយបន្សល់ទុកក្នុងឃ្លាំងមានចំនួនតិចតួចប៉ុណ្ណោះ ដូច្នេះហើយយើងត្រូវផលិតគ្រាប់រំសេវឲ្យបានចំនួន ១,៥លានគ្រាប់នៅអឺរ៉ុប។ ដ៏រាបណានៅមានសង្គ្រាម យើងត្រូវជួយអ៊ុយក្រែន ប៉ុន្តែពួកយើងក៏ត្រូវការពេលវេលា ៥ឆ្នាំយ៉ាងតិច ហើយបើចង់ឲ្យគ្រាប់រំសេវមាននៅក្នុងស្តុកគ្រប់គ្រាន់នោះ គឺត្រូវការរយៈពេលរហូតដល់ ១០ឆ្នាំ។
ជាមួយគ្នានេះ អធិការបតីអាឡឺម៉ង់លោក Olaf Scholz បានលើកឡើង ក៏ដូចជាចង្អុលបង្ហាញផងដែរថា បណ្តាប្រទេសនៅអឺរ៉ុបត្រូវតែប្រមូលផ្តុំការបញ្ជាទិញ និងហិរញ្ញប្បទានរួមគ្នា ដើម្បីផ្តល់ការធានាចំពោះការទិញឧបករណ៍ការពារសម្រាប់ទសវត្សរ៍ខាងមុខ។ ម្យ៉ាងវិញទៀត វាជារឿងបន្ទាន់ចាំបាច់ ពីព្រោះយើងមិនរស់នៅក្នុងគ្រាដែលមានសន្តិភាពពេញលេញនោះទេ តួយ៉ាងដូចសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាដើម៕
ជាងនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា យើងត្រូវតែផ្លាស់ប្តូរពីការផលិតធម្មតាទៅជាការផលិតសព្វាវុធបែបទ្រុងទ្រាយធំ ដោយលើកហេតុផលថា អ្នកដែលចង់បានសន្តិភាព ទាល់តែអាចរារាំងពួកដែលឈ្លានពានអ្នកដ៏ទៃ បានដោយជោគជ័យ៕