លោក ថាក់ស៊ីន ទទួលបានការលើកលែងទោសមុនកាលកំណត់

អន្តរជាតិ

យោងតាមព័ត៌មានក្នុងស្រុកធំៗ ដែលបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានបង្ហាញឲ្យដឹងថា មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងទទួលបានការលើកលែងទោសមុនកាលកំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ថាក់ស៊ីន ដែលបច្ចុប្បន្នកំពុងជាប់ទោសមួយឆ្នាំ និងកំពុងសម្រាកព្យបាលនៅក្នុងមន្ទីរពេទ្យប៉ូលិស បានស្ថិតនៅក្នុងបញ្ជីអ្នកទោសចំនួន ៩៣០ នាក់ផ្សេងទៀត ដែលត្រូវបានចាត់ទុកថាជាមនុស្សដែលមានវ័យចាស់ ឬឈឺ ហើយត្រូវបានយល់ព្រមឲ្យមានការលើកលែងទោសមុនកាលកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមច្បាប់របស់ប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ អាចនឹងត្រូវដោះលែងពីពន្ធនាគារវិញ នៅថ្ងៃទី១៨ ខែកុម្ភ:ខាងមុខ បន្ទាប់ពីលោកបានជាប់ទោសអស់រយ:ពេល ៦ខែកន្លងមកនេះ។

យ៉ាងណាក៏ដោយ បើទោះបីជាទទួលបានការដោះលែងពីពន្ធនាគារក៏ដោយ លោក ថាក់ស៊ីន នៅតែអាចត្រូវបន្តឃុំខ្លួន ខណ:ពេលដែលរដ្ឋអាជ្ញាសាធារណ:បន្តពិចារណាទៅលើបទចោទប្រកាន់ ពីការប្រមាថព្រះមហាក្សត្ររបស់អតីតមេដឹកនាំរូបនេះ កាលពីអំឡុងពេលធ្វើបទសម្ភាស ក្នុងឆ្នាំ២០១៥។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានវិលត្រលប់មកកាន់ប្រទេសកំណើតវិញដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីខែសីហា ឆ្នាំ២០២៣ ពោលគឺក្រោយពេល ១៥ឆ្នាំ ដែលលោកបាននិរទេសខ្លួន ដោយខ្លួនឯង ក្រោយរដ្ឋប្រហារឆ្នាំ២០០៦ ដើម្បីគេចចេញពីការជាប់ពន្ធនាគារ។

ក្នុងអំឡុងពេលស្នាក់នៅក្រៅប្រទេសនោះ លោក ថាក់ស៊ីន ត្រូវបានតុលាការប្រទេសថៃ កាត់ទោសក្នុងសំណុំរឿងធំៗចំនួន ៣ ពាក់ពន្ធទៅនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តខុសទាក់ទងទៅនឹងអំពើពុករលួយ ផងដែរ៕