រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងតែចំណាយប្រាក់ជាង ៧លានដុល្លារក្នុងមួយឆ្នាំ ដើម្បីថែទាំនាវាទំនើបមួយគ្រឿង ដែលត្រូវបានរឹបអូសពីមហាសេដ្ឋីរុស្ស៊ីម្នាក់ ខណៈខ្លួនក៏កំពុងជំរុញឲ្យចៅក្រមអនុញ្ញាតដើម្បីដាក់ដេញថ្លៃលក់នាវានោះថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
នាវាមួយគ្រឿងដែលមានឈ្មោះថា Amadea ប្រវែង ១០៦ម៉ែត្រ និងមានតម្លៃរហូតដល់ទៅជាង ៣០០លានដុល្លារអាមេរិក ត្រូវបានអជ្ញាធររបស់ប្រទេសហ្វីជីរឹបអូសកាលពីខែឧសភា ឆ្នាំ២០២២ ខណៈបើយោងទៅតាមដីការបស់សហរដ្ឋអាមេរិកបានបង្ហាញថា វាជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីលោក Suleiman Kerimov ដែលជាមហាសេដ្ឋីដែលត្រូវបានដាក់ទណ្ឌកម្ម ពីសំណាក់ក្រសួងរតនាគារអាមេរិកនៅក្នុងឆ្នាំ២០១៤ និង២០១៨ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី និងនៅអ៊ុយក្រែន។
តែយ៉ាងណា ទាក់ទិនទៅនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ដេញថ្លៃលើនាវាមួយគ្រឿងនេះ ត្រូវបានជំទាស់ដោយអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ី Rosneft លោក Eduard Khudainatov ដោយបានទាមទារចំពោះនាវា Amadea ថាជាកម្មសិទ្ធិរបស់លោក ហើយបាននិយាយថា វាមិនអាចត្រូវរឹបអូសបាននោះទេ ព្រោះគាត់មិនត្រូវបានគេដាក់ទណ្ឌកម្មឡើយ។
គួរបញ្ជាក់ថា នៅក្នុងការប្តឹងទៅកាន់តុលាការកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុននោះ រដ្ឋអជ្ញាសហព័ន្ធនៅទីក្រុង Manhattan បានប្រាប់ទៅកាន់លោកចៅក្រម Dale Ho ថាវិក័យបត្រថែទាំប្រចាំខែចំពោះនាវា Amedea មានចំនួនជាមធ្យមរហូតដល់ទៅ ៦០០ ០០០ដុល្លារ ខណៈតម្លៃនេះជាចំនួនមួយដ៏ច្រើនសម្បើម និងបានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវក្នុងការដាក់ដេញថ្លៃនាវានោះថែមទៀត។
សូមជម្រាបផងដែរថា ចំពោះការរឹបអូសនាវា Amadea បានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីតោន បង្កើនការអនុវត្តទណ្ឌកម្មប្រឆាំងនឹងមនុស្សដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងន័យដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូឲ្យបញ្ឈប់សង្គ្រាមរបស់ខ្លួននៅទឹកដីអ៊ុយក្រែន៕