លោក ថាក់ស៊ីន គឺជាអ្នកជំនួញដ៍លេចធ្លោមួយក្នុងប្រទេសថៃ និងជុំវិញពិភពលោកដែលទទួលបានជោគជ័យ ប៉ុន្តែលោកត្រូវបានក្រុមអ្នកវិភាគ ព្រមទាំងមហាជនចាត់ថា បរាជ័យក្នុងឆាកនយោបាយ ខណៈរូបលោក និងប្អូនស្រី គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ដូចគ្នា ដោយអ្នកទាំងពីរត្រូវនិរទេសខ្លួន។
នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ថាក់ស៊ីន ត្រូវបានព័ត៌មានក្នុងស្រុកចុះផ្សាយថា លោកនឹងត្រូវទទួលបានការលើកលែងទោសមុនកាលកំណត់។ ការចុះផ្សាយពីសារព័ត៌មាន Reuters តាមច្បាប់របស់ប្រទេសថៃ លោក ថាក់ស៊ីន អាចនឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃទី១៨ ខែកុម្ភ:ខាងមុខ បន្ទាប់ពីបានជាប់ទោសអស់រយ:ពេល ៦ខែកន្លងមកនេះ។
មកនិយាយអំពីរឿងជំនួញវិញ លោកទទួលបាននូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺកើតចេញពីសមិទ្ធិផលរបស់លោកក្នុងនាមជាអ្នកជំនួញ ក៏ដូចជាម្ចាស់នៃទ្រព្យសកម្ម និងការវិនិយោគ លើអាជីវកម្មធំៗជាច្រើន។ តាមប្រភពជាច្រើន បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសរុបរបស់លោក ថាក់ស៊ីន មានចំនួនប្រហែល ២ពាន់លានដុល្លារអាមេរិកឯណោះ។
នៅទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុន Shin Corp របស់លោកថាក់ស៊ីន គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលជោគជ័យ ក្នុងការប្រតិបត្តិការសេវាកម្មទូរស័ព្ទចល័ត ទូរទស្សន៍ខ្សែកាបដែលតម្រូវឱ្យបង់ប្រាក់ និងប្រព័ន្ធផ្កាយរណប។
តាមសេចក្តីរាយការណ៍ជាច្រើនឲ្យដឹងថា បន្ទាប់ពីមុខជំនួញដំបូងរបស់ខ្លួនជោគជ័យគួរជាទីមោទនៈ លោក ថាក់ស៊ីន បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន ស៊ីណាវ៉ាត្រា កុំព្យុទ័រ ចំកាត់ ព្រមទាំងពង្រីកសេវាបន្ថែមទៀត មានជាអាថ៍៖ ម៉ាស៊ីនដាក់តាមខ្លួនសម្រាប់ទទួលសារ ទូរសព្ទចល័ត សេវាផ្កាយរណប និងក្រុមហ៊ុនផ្គត់ផ្គង់អ៉ិនធើណេត រហូតប្រែក្លាយជាបណ្តាញធុរកិច្ចពេញលេញផ្នែកទំនាក់ទំនងដ៏សម្បូរបែបនៅក្នុងប្រទេសថៃ។
លុះមកដល់ឆ្នាំ១៩៩០ លោក ថាក់ស៊ីន បានចុះបញ្ជីក្រុមហ៊ុនរបស់លោកក្នុងទីផ្សារភាគហ៊ុន រហូតបានក្លាយជាក្រុមហ៊ុនធំមួយនៅប្រទេសថៃ មានឈ្មោះថា ស៊ីនខបភើរេស៉ិន ខណៈក្រុមហ៊ុនយក្សមួយនេះក៏បានហក់មកប្រឡូកក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ជាមួយនឹងពាណិជ្ជសញ្ញាថ្មីមួយទៀតគឺ ក្រុមហ៊ុនទូរសព្ទចល័ត ស៊ីនណាវ៉ាត្រា ០១១ ហើយត្រូវបានប្តូរឈ្មោះវិញ ដោយដាក់ថា ខែមឈីន ធ្វើឡើងបន្ទាប់មានបាតុកម្មនៅភ្នំពេញ នាឆ្នាំ២០០២។
លោកថាក់ស៊ីន បានផ្ទេរភាគហ៊ុនទាំងអស់ឲ្យទៅភរិយា គឺលោកស្រី ភុតចៈម៉ាន និងកូនទាំងបីគឺ លោក ផានថងឆៃ នាង ភិនថងថា និងនាង ភែថងថាន ជាអ្នកកាន់កាប់ភាគហ៊ុនជំនួសវិញ។
ជុំវិញភាពជោគជ័យរបស់ លោកថាក់ស៊ីន ក្នុងវិស័យទូរគមនាគមន៍នេះ បាននាំឲ្យលោកបង្កើតសាជីវកម្មថ្មីមួយផ្សេងទៀត ឈ្មោះថា Shin Corporation ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍។ ការប្តេជ្ញាចិត្ត និងមានមហិច្ឆតាដ៏ធំនេះ បានពង្រឹងជំហរ របស់លោកថាក់ស៊ីនឲ្យក្លាយជាបុគ្គលមួយក្នុង ចំណោមបុគ្គលមានឥទ្ធិពលបំផុតក្នុងប្រទេសថៃនិងថែមទាំងបង្កើនទ្រព្យសម្បត្តិរបស់លោកយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
លើសពីនេះ លោកថាក់ស៊ីន ក៏បានបោះទុនរាប់រយពាន់លានដុល្លារចូលទៅក្នុងវិស័យអចលនទ្រព្យផងដែរ ជាមួយនឹងការកាន់កាប់ និងគ្រប់គ្រងអគារផ្ទះល្វែង សម្រាប់ទីផ្សារដែលកំពុងមានភាពរីកចម្រើនខ្លាំង នៅក្នុងប្រទេស។
នៅឆ្នាំ ២០០៧ លោកថាក់ស៊ីន បានទិញក្លឹប Premier League Manchester City ក្នុងតម្លៃ ៨១,៦ លានផោន (£81.6 million)។ ក្រោយមកលោកក៏បានលក់ក្លឹបទៅអោយក្រុមហ៊ុន Abu Dhabi United Group នៅខែកញ្ញា ២០០៨ ក្នុងតម្លៃ ២០០លានដុល្លារអាមេរិក។
សូមជម្រាបជូន ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីខែសីហា ឆ្នាំ២០២៣ ពោលគឺក្រោយពេល ១៥ឆ្នាំ ដែលលោកបាននិរទេសខ្លួនដោយខ្លួនឯង ក្រោយរដ្ឋប្រហារឆ្នាំ២០០៦ ដើម្បីគេចចេញពីការជាប់ពន្ធនាគារ លោក ថាក់ស៊ីន បានវិលត្រលប់មកកាន់ប្រទេសកំណើតវិញ។ ក្នុងអំឡុងពេលស្នាក់នៅក្រៅប្រទេសនោះ លោក ថាក់ស៊ីន ត្រូវបានតុលាការប្រទេសថៃ កាត់ទោសក្នុងសំណុំរឿងធំៗចំនួន ៣ ពាក់ពន្ធទៅនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តខុសទាក់ទងទៅនឹងអំពើពុករលួយផងដែរ៕