ចៅក្រមសហព័ន្ធអាមេរិក ថ្មីៗនេះបានបញ្ជាឲ្យមហាសេដ្ឋី Elon Musk អនុវត្តតាមដីការរបស់គណ:កម្មការមូលបត្រសហរដ្ឋអាមេរិក ហៅកាត់ SEC និងផ្តល់សក្ខីកម្មជាថ្មីម្តងទៀត នៅក្នុងការស៊ើបអង្កេតពីការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter កាលពីឆ្នាំ២០២២ និងករណីក្លែងបន្លំមូលបត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តាមដីកាដែលត្រូវបានដាក់កាលពីយប់ថ្ងៃសៅរ៍ ទី១០ ខែកុម្ភ: នៅតុលាការរដ្ឋកាលីហ្វ័រញ៉ា លោក Musk និង SEC ឥឡូវនេះមានពេលមួយសប្តាហ៍ ដើម្បីកំណត់យកពេលវេលា និងទីកន្លែងសម្រាប់ការបង្ហាញខ្លួន ឬការសម្រេចលើកចុងក្រោយរវាងភាគីទាំងពីរ។
គួរឲ្យដឹងថា SEC បាននឹងកំពុងធ្វើការស៊ើបអង្កេតលើការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter របស់លោក Musk នៅក្នុងតម្លៃបិទបញ្ចប់ប្រមាណ ៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលឥឡូវនេះត្រូវបានប្តូរឈ្មោះទៅជា X ជុំវិញការព្រួយបារម្ភអំពីការក្លែងបន្លំមូលបត្រ ដោយសារភាពយឺតយ៉ាវរបស់មហាសេដ្ឋីរូបនេះ ក្នុងការបង្ហាញពីភាគហ៊ុនសរុបរបស់លោក នៅក្នុងក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះ។
ការបញ្ជាឲ្យឡើងធ្វើសក្ខីកម្មសារជាថ្មីនេះ បានកើតឡើងបន្ទាប់ពី លោក Musk ខកខានមិនបានបង្ហាញខ្លួនសម្រាប់សក្ខីកម្ម កាលក្នុងខែកញ្ញា ហើយក្រោយមកបានបដិសេធមិនចូលរួមក្នុងបទសម្ភាសមួយ ដែលបានកំណត់ដោយ SEC ជុំវិញការប្តឹងផ្តល់នេះ។
យ៉ាងណាក៏ដោយ លោក Musk ក៏បានអះអាងដែរថា ដីកានេះគឺលើសពីសិទ្ធិអំណាចរបស់ SEC ដោយសារតែវាត្រូវបានចេញផ្សាយដោយបុគ្គលិកដែលត្រូវបានតែងតាំងដោយនាយកប្រតិបត្តិរបស់ SEC ផ្ទាល់។
ជម្រាបជូនផងដែរថា រហូតមកទល់នឹងពេលនេះ ទាំងលោក Musk និងមេធាវីរបស់លោក Alex Spiro មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ ស្របពេលអ្នកនាំពាក្យរបស់ SEC ក៏បានបដិសេធចំពោះធ្វើអត្ថាធិប្បាយ ដោយអះអាងថាអ្វីដែលត្រូវនិយាយគឺមិនលើសពីឯកសារសាធារណៈដែលត្រូវបានចេញផ្សាយឡើយ៕