យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ការបញ្ជាទិញម្ហូបអាហារតាមប្រព័ន្ធអនឡាញនៅប្រទេសវៀតណាម មានចំនួនសរុបរហូតដល់ ៣៥ទ្រីលានដុង ឬប្រហែល ១,៤ទ្រីលានដុល្លារ ស្មើនឹង ៣,៨លានដុល្លារក្នុងមួយថ្ងៃ។

ប្រជាជនវៀតណាម មានទំនោរទៅរកការបញ្ជាទិញម្ហូបអាហារអនឡាញ ដោយសារមានភាពងាយស្រួល និងសន្សំពេលវេលា ដោយពួកគេច្រើនប្រើកម្មវិធីពេញនិយមនៅតំបន់អាស៊ានគឺ Grab និង Shopee Food។
គួសបញ្ជាក់ដែរថា ថ្វីបើវៀតណាមចំណាយលុយជាង ១ពាន់លានដុល្លារ លើការបញ្ជាទិញម្ហូបអាហារអនឡាញមែន តែបើធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ាន គឺនៅមានចំនួនតិចនៅឡើយ ពោលឥណ្ឌូណេស៊ីចំណាយអស់ ៤,៦ពាន់លានដុល្លារ ថៃ ៣,៧ពាន់លានដុល្លារ សិង្ហបុរី និងហ្វីលីពីន ២,៥ពាន់លានដុល្លារ និងម៉ាឡេស៊ីចំណាយ ២,៤ពាន់លានដុល្លារ កាលពីឆ្នាំមុន ទៅលើការទិញម្ហូបអាហារអនឡាញ។
សូមជម្រាបបន្ថែមថា កម្មវិធីកម៉្មង់ម្ហូបពេញនិយមបំផុតនៅអាស៊ានគឺ Grab ដែលក្ដោបក្ដាប់ទីផ្សារបញ្ជាទិញម្ហូបអនឡាញនៅអាស៊ានសរុប ៩,៤ពាន់លានដុល្លារ តាមពីក្រោយ Foodpanda ២,៧ពាន់លានដុល្លារ ខណៈក្រុមហ៊ុនសិង្ហបុរី Shopee Food មានចំណែក ១,៥ពាន់លានដុល្លារ៕