ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ដាក់លិខិតស្នើប្ដូរទីតាំង បោះមូលដ្ឋានថ្មីនៅរដ្ឋតិចសាស់

អន្តរជាតិ

ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានដាក់លិខិតស្នើប្ដូរទីតាំងក្រុមហ៊ុន ពីរដ្ឋ Delaware ទៅរដ្ឋតិចសាស់វិញ បន្ទាប់ពីតុលាការរដ្ឋ Delaware លុបចោលកញ្ចប់ទឹកប្រាក់​ប្រមាណ ៥៥ពាន់លានដុល្លារ ដែលមហាសេដ្ឋីអាមេរិក ត្រូវទទួលបានពីក្រុមហ៊ុន Tesla។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Businessinsider បានបង្ហាញថា CEO ក្រុមហ៊ុន SpaceX រូបនេះ បានធ្វើការរិះគន់យ៉ាងចាស់ដៃជាសាធារណៈ ទៅកាន់ការសម្រេចចិត្តរបស់តុលាការ​រដ្ឋ Delaware ដោយបានបង្ហោះសារលើបណ្ដាញសង្គម X ថា SpaceX នឹងប្ដូរមូលដ្ឋានពីរដ្ឋ Delaware ទៅកាន់រដ្ឋតិចសាស់ ហើយលើកទឹកចិត្តឲ្យគ្រប់ក្រុមហ៊ុនដែលមានប្រតិបត្តិការនៅរដ្ឋ Delaware គួរពិចារណា ប្ដូរទីតាំងឲ្យលឿនតាមដែលអាចធ្វើទៅបាន។

គួសបញ្ជាក់ដែរថា មិនមែនតែក្រុមហ៊ុន SpaceX ឡើយ ដែលសម្រេចប្ដូរមូលដ្ឋានទៅកាន់រដ្ឋថ្មី ពោលកន្លងមក Elon Musk ក៏បានប្ដូរទីតាំងក្រុមហ៊ុន Neuralink ពីរដ្ឋ Delaware ទៅកាន់រដ្ឋ Nevada ផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុនធំៗរបស់មហាសេដ្ឋី Elon Musk សុទ្ធតែធ្លាប់តាំងមូលដ្ឋាននៅ​រដ្ឋ Delaware ដូចជា Tesla, SpaceX និង Neuralink ជាដើម ហើយមហាសេដ្ឋីរូបនេះក៏មានបំណង​ប្ដូរទីតាំងក្រុមហ៊ុនទាំងអស់ចេញពីរដ្ឋមួយនេះ ក្រោយមានរឿងរកាំរកូសជាមួយ​តុលាការប្រចាំ​តំបន់ ក៏ប៉ុន្តែក្រុមហ៊ុន Tesla អាចនឹងមានផលវិបាកក្នុងការប្ដូរមូលដ្ឋាន ដោយសារវាបានចុះបញ្ជីជាក្រុមហ៊ុនសាធារណៈ ខុសពី SpaceX និង Neuralink ដែលចុះបញ្ជីជាក្រុមហ៊ុនឯកជន៕