យោងតាមទិន្នន័យផ្លូវការមួយបានចេញផ្សាយនៅថ្ងៃព្រហស្បត៍ ទី១៥ ខែកុម្ភ:នេះថា ប្រទេសអាល្លឺម៉ង់ បានវ៉ាដាច់ប្រទេសជប៉ុន ឡើងមកឈរនៅលេខ៣ ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ខណ:ពេលដែលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានកើនឡើងត្រឹម ១,៩% ប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់យ៉េន។
តាមការចុះផ្សាយពីសារព័ត៌មាន AFP បានបង្ហាញឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុន គិតជាប្រាក់ដុល្លារមានចំនួន ៤,២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ បើធៀបជាមួយនឹងប្រទេសអាល្លឺម៉ង់ ដែលមានផលិតផលក្នុងស្រុកសរុបចំនួន ៤,៥ទ្រីលានដុល្លារ។
ការធ្លាក់ចំណាត់ថ្នាក់របស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ គឺដោយសារតែការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េនដល់ជាង ១៨% ធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិក គិតចន្លោះឆ្នាំ២០២២ ដល់២០២៣ ។
ប្រភពពី AFP បានកត់សម្គាល់ទៀតថា ទាំងជប៉ុន និងអាឡឺម៉ង់ ដែលជាប្រទេសពឹងផ្អែកខ្លាំងលើការនាំចេញ សុទ្ធសឹងតែបានជួបប្រទះនឹងបញ្ហាប្រឈមសំខាន់ៗដូចគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុន ហាក់មានបញ្ហាប្រឈមខ្លាំងជាង ដោយសារតែកង្វះកម្មករកាន់តែធ្ងន់ធ្ងរឡើង នៅពេលលដែលចំនួនប្រជាជនធ្លាក់ចុះ និងអត្រាកំណើតទាប បើធៀបនឹងប្រទេសអាល្លឺម៉ង់ ដែលមានលទ្ធផលល្អប្រសើរជាង។
គួរឲ្យដឹងថា ប្រទេសជប៉ុនដែលប្រឈមមុខនឹងការថយចុះចំនួនប្រជាជន និងអត្រាកំណើតទាប បានធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេធ្លាក់ចុះ ០,១% គិតនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ កន្លងទៅ។ ផ្ទុយទៅវិញ ប្រទេសអាឡឺម៉ង់បានដោះស្រាយបញ្ហាកង្វះកម្មករបានយ៉ាងល្អ។
ជម្រាបជូនផងដែរថា ជាមួយនឹងចំនួនប្រជាជនវ័យក្មេងដែលកំពុងរីកចម្រើន និងអត្រាកំណើនខ្ពស់ ឥណ្ឌា ត្រូវបានគេរំពឹងថានឹងវ៉ាដាច់ទាំងជប៉ុន និងអាល្លឺម៉ង់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន នៅចុងទសវត្សរ៍នេះ៕