ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ក្នុងតម្លៃ ១០ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីការបញ្ជាទិញយន្តហោះយ៉ាងហោចណាស់ ៤៥ គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុន Boeing ដែលជាផ្នែកមួយនៃផែនការក្នុងការបង្កើនបទពិសោធអស្ចារ្យសម្រាប់អតិថិជន និងបង្កើនប្រាក់ចំណូលនៅក្នុងវិស័យអាកាសចរណ៍របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការបញ្ជាទិញយន្តហោះរយ:ពេលវែងរបស់ក្រុមហ៊ុន Thai Airways នេះ ត្រូវបានគេប៉ាន់ស្មានថានឹងមានតម្លៃសរុបប្រមាណ ១០ពាន់លានដុល្លារ ដែលគ្រោងយកមកជំនួសយន្តហោះចាស់ៗ និងយន្តហោះដែលត្រូវបានជួលពីក្រុមហ៊ុនផ្សេង ដោយការដឹកជញ្ជូនយន្តថ្មីៗដែលបញ្ជាទិញនេះ ត្រូវបានរំពឹងថានឹងធ្វើឡើងចន្លោះឆ្នាំ ២០២៧ ដល់ឆ្នាំ២០៣៣។

គួរឲ្យដឹងផងដែរថា ការបញ្ជាទិញនេះ ត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Thai Airways នាពេលថ្មីៗនេះ បានរាយការណ៍ពីប្រាក់ចំណេញដ៏ច្រើន ស្របពេលមានការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលនេះបានធ្វើឲ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីពង្រីក និងធ្វើទំនើបកម្មសេវាកម្មហោះហើររបស់ខ្លួន។

យន្តហោះថ្មីៗនេះ ត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលយ៉ាងសំខាន់ និងបន្ថែមចំនួនយន្តហោះរបស់ក្រុមហ៊ុន Thai Airways រហូតដល់ ៩៦ គ្រឿង ខណ:ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ប្រទេសមួយនេះ គ្រោងនឹងបង្ហាញពីព័ត៌មានលម្អិតបន្ថែម អំពីប្រភេទយន្តហោះជាក់លាក់ដែលខ្លួនបានបញ្ជាទិញ នៅក្នុងកម្មវិធីពិព័រណ៌អាកាសចរណ៍សិង្ហបុរី នាពេលខាងមុខ៕