រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ០៣ ក្នុងតំបន់អឺរ៉ុប នាពេលឆាប់ៗខាងមុខ ខណៈប្រទេសទាំង៣ នោះគឺប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា៖ ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស លោក Wang Yi នឹងចូលរួមសន្និសីថសន្តិសុខក្រុង Munich លើកទី៦០ ដែលលោកនឹងឡើងថ្លែងសន្ទរកថានៅទីនោះ។
បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសអាល្លឺម៉ង់ ប្រមុខការទូតចិនរូបនេះ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ និងបារាំង ដែលលោក Wang នឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-បារាំង។
គួសបញ្ជាក់ដែរថា កិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅទីក្រុង Munich ប្រមូលផ្តុំឥស្សរជនយោធាមកពីជុំវិញពិភពលោក ហើយត្រូវបានគេមើលឃើញថាជារង្វាស់នៃទំនាក់ទំនងឆ្លងអាត្លង់ទិក ខណៈដំណើរទស្សនកិច្ចទៅអេស្ប៉ាញ គឺជាការបំពេញទស្សនកិច្ចលើកដំបូងរបស់លោក Wang ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ៕