រុស្ស៊ីជិតផលិតបានវ៉ាក់សាំង ការពារជំងឺមហារីកហើយ

អន្តរជាតិ

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា អ្នកវិទ្យាសាស្ត្រជំនាញផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសរុស្ស៊ី ខិតកាន់តែជិតទៅសម្រេចសមិទ្ធផលផលិតបាននូវវ៉ាក់សាំង និងថ្នាំការពារជំងឺមហារីកហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាវេទិកាទីក្រុងមូស្គូស្តីពីបច្ចេកវិទ្យានាពេលអនាគតលោក ពូទីន បានចង្អុលបង្ហាញថា សហព័ន្ធរុស្ស៊ីបានបោះជំហានយ៉ាងធំសម្បើម ដោយបានស្វែងរកការព្យាលបាលជំងឺមហារីកក្នុងដំណាក់កាលដំបូង ដែលនាំឲ្យអត្រានៃការរស់រានមានជីវិតកាន់តែខ្ពស់។

លោកបានបន្ថែមថា ពួកយើងខិតកាន់តែជិតក្នុងការបង្កើតវ៉ាក់សាំង Onco-Vaccine និងថ្នាំ Immunomodulatory ជំនាន់ថ្មី ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងចំពោះជំងឺមហារីក ហើយខ្ញុំសង្ឃឹមថាឆាប់ៗនេះ វ៉ាក់សាំងក៏ដូចជាថ្នាំទាំងនេះ នឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការព្យាបាលចំពោះមនុស្សទូទៅ។

ដោយយោងតាមលោកប្រធានាធិបតីបានបញ្ជាក់ថា ជាងពាក់កណ្តាលនៃករណីជំងឺមហារីកកើតឡើងក្នុងប្រទេសរុស្ស៊ីទាំងអស់ ត្រូវបានរកឃើញនៅដំណាក់កាលដំបូង។ ម្យ៉ាងវិញទៀត លោកក៏បានសន្យាថា នឹងបន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រក្នុងកម្រិតចាំបាច់ផងដែរ។

គួរជម្រាបផងដែរថា កន្លងមកពិភពលោកបានជួបនឹងវិបត្តិជំងឺរាតត្បាត ខណៈក្នុងនោះប្រទេសរុស្ស៊ីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលបានបង្កើតនូវវ៉ាក់សាំងផ្ទាល់ខ្លួនឈ្មោះថា Sputnik V ដើម្បីប្រឆាំងការពារជំងឺកូវីដ១៩ ហើយក៏បានលក់វាទៅកាន់ប្រទេសមួយចំនួនថែមទៀត៕