រដ្ឋាភិបាលថៃ រៀបចំផែនការបង្កើនចំណូលជូនដល់កសិករឲ្យបានបីដង ក្នុងពេល ៤ឆ្នាំខាងមុខ 

អន្តរជាតិ

ក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃ បាននិងកំពុងស្វែងរកការអនុម័តសម្រាប់កញ្ចប់ថវិកាសារពើពន្ធនាពេលខាងមុខក្នុងចំនួន ៤១១ពាន់លានបាត (១១,៤ពាន់លានដុល្លារ) ក្នុងគោលបំណងជួយបង្កើនប្រាក់ចំណូលដល់កសិករឲ្យបានបីដង ក្នុងរយ:ពេល ៤ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chantanon Wannakejohn អគ្គលេខាធិការនៃការិយាល័យសេដ្ឋកិច្ចកសិកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅថា ក្រសួងកំពុងស្វែងរកការបែងចែកទឹកប្រាក់ក្នុងចំនួនដ៏ច្រើននេះ សម្រាប់ផែនការរយៈពេលខ្លី មធ្យម និងរយៈពេលវែងរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ ដោយសារតែពួកគេជា​កម្លាំង​ចលករ​សំខាន់ជាងគេ នៅក្នុងប្រទេស។

លោក Chantanon បាននិយាយទៀតថា ទឹកប្រាក់បន្ថែមចំនួន ១,៤ពាន់លានបាត នឹងត្រូវការជាចាំបាច់សម្រាប់ផែនការរយៈពេលមធ្យម ដែលត្រូវបានរៀបចំឡើងដើម្បីណែនាំពីការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មតាមបែបទំនើប ក៏ដូចជាប្រព័ន្ធកសិកម្មដែលមានភាពច្បាស់លាស់។

រដ្ឋមន្ត្រីរូបនេះ បានកត់សម្គាល់ទៀតថា សម្រាប់ការគ្រប់គ្រងកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូអន្តរជាតិពិតជាសំខាន់ ក្នុងការគាំទ្រដល់ការដាំដុះដំណាំដែលសមស្របនឹងបរិស្ថាន សេដ្ឋកិច្ច និងជំនួយដល់ការកែច្នៃដំណាំទាំងនោះ ផងដែរ។

ទន្ទឹមនឹងនេះ ថវិកាចំនួន ៣០១ពាន់លានបាតផ្សេងទៀត នឹងត្រូវការជាចាំបាច់សម្រាប់ផែនការរយៈពេលវែង ដែលត្រូវបែងចែកសម្រាប់ការកែលម្អការគ្រប់គ្រងទឹក ផលិតកម្មដំណាំ និងការធ្វើឲ្យមានភាពប្រសើរឡើងនូវប័ណ្ណកម្មសិទ្ធិសម្រាប់កសិករ។

ជម្រាបជូនផងដែរថា ថវិកាសារពើពន្ធឆ្នាំនេះដែលមានចំនួន ១២០,៦ពាន់លានបាត នឹងត្រូវបានប្រកាសនៅក្នុងរាជសារនាខែមេសាខាងមុខ ខណៈពេលដែលថវិកាសារពើពន្ធសម្រាប់ឆ្នាំ២០២៥ នឹងត្រូវបញ្ជូនទៅការិយាល័យថវិកាជាតិ និងគណៈរដ្ឋមន្ត្រីដើម្បីធ្វើការពិចារណា។ នេះបើតាមការបញ្ជាក់ពី លោក Chantanon Wannakejohn ៕