យោងតាមរដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់អាល្លឺម៉ង់ BMW បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការមកបោះទុនវិនិយោគលើការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Jakarta Post។
ក្នុងអំឡុងកម្មវិធីពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូណេស៊ីឆ្នាំ២០២៤ ដែលធ្វើឡើងនៅសង្កាត់ Kemayoran ទីក្រុងហ្សាកាតា លោក Airlangga បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភ:កន្លងទៅថា ក្រុមហ៊ុន BMW ទំនងជាអាចប្រើប្រាស់រោងចក្រដែលខ្លួនមានស្រាប់ ក្នុងការចាប់ផ្តើមធ្វើប្រតិបត្តិការផលិតរថយន្ត EV របស់ខ្លួន នៅក្នុងប្រទេស។
លើសពីនេះ លោក Airlangga បានបញ្ជាក់ទៀតថាក្រុមហ៊ុន BMW មានរោងចក្រផលិតនៅឥណ្ឌូណេស៊ីរួចរាល់ហើយ ខណ:ពេលដែលលោកហាក់មិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតនោះឡើយជុំវិញផែនការវិនិយោគថ្មីនេះ ដោយបានប្រាប់អ្នកយកព័ត៌មានឲ្យទៅសួរតំណាងក្រុមហ៊ុន BMW ផ្ទាល់តែម្តង។
ទន្ទឹមនឹងនេះ នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន BMW Group ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី លោកស្រី Jodie O’Tania បានប្រាប់កាសែត The Jakarta Post ថាការផលិតរថយន្ត EV ក្នុងស្រុកនឹងអាចធ្វើទៅបាន ប៉ុន្តែអ្នកក៏បានបន្ថែមទៀតផងដែរថា ផែនការនេះថ្មីនេះ ហាក់ទាន់អាចដំណើរការទៅបានក្នុងពេលបច្ចុប្បន្ននេះនោះឡើយ ដោយសារតែរោងចក្ររបស់ក្រុមហ៊ុនបច្ចុប្បន្ន នៅតែខ្វះគ្រឿងបន្លាស់គ្រប់គ្រាន់ក្នុងការផលិតរថយន្តអគ្គិសនី ដោយសារតែការដាក់កំហិតចំពោះការនាំចូលពីសំណាក់រដ្ឋាភិបាលឥណ្ឌូណេស៊ី។
ជម្រាបជូនផងដែរថា BMW បាននិងកំពុងដំឡើងរថយន្តដើរដោយឥន្ធន: នៅក្នុងប្រទេសឥណ្ឌូណេស៊ី តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ PT Gaya Motor Production ប៉ុន្តែក្រុមហ៊ុននៅតែនាំចូលរថយន្ត EV របស់ខ្លួន ដែលបានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ មកកាន់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ៕