អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានដោះលែង ឲ្យមានសិទ្ធសេរីភាព មុនកាលកំណត់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈម្សិលមិញ បន្ទាប់ពីតុលាការកំពូលថៃ ធ្លាប់ផ្ដន្ទាទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Times។

នាព្រឹកថ្ងៃអាទិត្យម្សិលមិញ តាមរយៈវីដេអូមួយបានបង្ហាញថា លោក ថាក់ស៊ីន បានឡើងរថយន្តមួយចេញពីមន្ទីរពេទ្យប៉ូលិស ជាមួយនឹងបង់រុំក អបដំណើរដោយកូនស្រីរបស់លោក ២រូបផង និងមានអ្នកគាំទ្រជាច្រើនរូប លើកផ្លាកសញ្ញាស្វាគមន៍លោកត្រៀបត្រាពេញដងផ្លូវ។
គួររំលឹកបន្តិចថា កាលពីខែសីហា ឆ្នាំមុន លោក ថាក់ស៊ីន បានវិលចូលមាតុភូមិវិញ បន្ទាប់ពីរត់ភៀសខ្លួនអស់រយៈពេល ១៥ឆ្នាំ និងត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅកាន់តុលាការភ្លាមៗ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។
ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះ បានដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ និងទទួលបានការសណ្ដោសប្រណី សម្រាលទោសមកនៅត្រឹមរយៈពេលមួយឆ្នាំវិញ ក៏ប៉ុន្តែនៅក្នុងពន្ធនាគារមិនបានប៉ុន្មានផង លោកត្រូវបញ្ជូនមកឃុំខ្លួននៅក្នុងមន្ទីរពេទ្យប៉ូលិសមួយកន្លែងផ្សេងវិញ ក្រោមហេតុផលមានបញ្ហាសុខភាព។
ទីបំផុត ក្រោយការសំងំរស់នៅក្នុងមន្ទីរពេទ្យមួយនោះ រយៈពេលប្រមាណកន្លះឆ្នាំ លោកក៏ត្រូវបានតុលាការ ប្រកាសដោះលែងឲ្យសិទ្ធសេរីភាពពេញលេញ មុនកាលកំណត់៕
