ដំណឹងនៃការដោះលែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ឲ្យមានសិទ្ធសេរីភាព បានធ្វើឲ្យប្រជាជនថៃមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក្នុងនោះមន្ត្រីជាន់ខ្ពស់ថៃជាច្រើន ក៏បានបង្ហាញការសាទរជាមួយដំណឹងនេះដូចគ្នា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន ThaiPBS បានបង្ហាញថា នាយករដ្ឋមន្ត្រី លោក Srettha Thavisin បានសម្ដែងការអបអរសាទរ ចំពោះការដោះលែងលោក ថាក់ស៊ីន ក៏ប៉ុន្តែលោកមិនមានផែនការក្នុងការទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ នាពេលឆាប់ៗឡើយ ហើយលោកក៏មិនបានតេទូរស័ព្ទទៅអបអរ ជាមួយលោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ផងដែរ ដោយអះអាងថា ចាំជួបផ្ទាល់ ចាំនិយាយគ្នាតែម្ដង។

ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ក៏បានបង្ហើបដែរថា លោកនឹងទៅសួរសុខទុក្ខលោក ថាក់ស៊ីន នៅពេលដែលគាត់មានសុខភាពប្រសើរជាងនេះ ដ្បិតលោក ថាក់ស៊ីន ធ្លាប់ជាចៅហ្វាយនាយរបស់លោក។

មេបក្សភូមិចៃថៃរូបនេះ ក៏បានអះអាងទៀតថា អ្នកនយោបាយជាច្រើនរូប នឹងចូលសួរសុខទុក្ខលោក ថាក់ស៊ីន ក៏ដូចជាសុំមតិយោបល់ និងការបង្ហាញផ្លូវខ្លះៗ ដោយសារលោក ថាក់ស៊ីន មានបទពិសោធន៍លើឆាកនយោបាយក្រាស់ក្រែល។

ទោះជាយ៉ាងណា ក៏នៅមានមតិខ្លះប្រឆាំងនឹងការដោះលែងលោក ថាក់ស៊ីន ផងដែរ ដូចជាមេបក្សប្រឆាំង Move Forward លោក Chaithawat Tulathon បាននិយាយថា ការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃ នឹងធ្វើឲ្យឆាកនយោបាយច្របូកច្របល់ ហើយលោក Srettha នាយករដ្ឋមន្ត្រីសព្វថ្ងៃ គឺគ្រាន់តែជាអាយ៉ងរបស់គ្រួសារត្រកូលស៊ីណាវ៉ាត់ត្រាតែប៉ុណ្ណោះ៕