ពលរដ្ឋមីយ៉ាន់ម៉ាជាង ១ ០០០ នាក់ បានទៅតម្រង់ជួរនៅមុខស្ថានទូតរបស់ប្រទេសថៃ ប្រចាំនៅទីក្រុងយ៉ាំងហ្គន កាលពីថ្ងៃទី១៦ ខែកុម្ភ: នៅពេលដែលពួកគេព្យាយាមស្វែងរកឱកាសក្នុងការចាកចេញពីប្រទេស បន្ទាប់ពីរបបកាន់កាប់ដោយយោធា ចេញច្បាប់តម្រូវឲ្យចូលរួមក្នុងកាតព្វកិច្ចបម្រើយោធា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋាភិបាលដែលដឹកនាំដោយយោធា បាននិយាយកាលពីថ្ងៃទី១០ ខែកុម្ភ:កន្លងទៅថា ខ្លួននឹងចាប់ផ្តើមអនុវត្តទៅលើច្បាប់ដែលនឹងត្រូវគាស់ហៅបុរសទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣២ឆ្នាំ និងស្រ្តីដែលមានវ័យ ១៨ឆ្នាំ ដល់ ២៧ឆ្នាំ ឲ្យចូលបម្រើយោធាយ៉ាងហោចណាស់ ២ឆ្នាំ ដើម្បីកម្ចាត់ក្រុមដែលប្រឆាំងទៅនឹងរដ្ឋប្រហារ កាលពីឆ្នាំ២០២១ របស់ខ្លួន។
ស្ថានទូតថៃក្នុងទីក្រុងយ៉ាំងហ្គន បានបង្ហាញឲ្យដឹងថាមានយុវជន និងស្ត្រីរាប់ពាន់នាក់ កំពុងស្វែងរកការស្នើសុំទិដ្ឋាការដើម្បីចេញពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានការប្រកាសថា “ច្បាប់ចូលបម្រើយោធារបស់ប្រជាជន” នឹងត្រូវចូលជាធរមាន។
គួរឲ្យដឹងផងដែរថា ច្បាប់ចូលបម្រើយោធានេះត្រូវបានប្រកាសឡើងដោយរបបយោធាកាលពីឆ្នាំ២០១០ ប៉ុន្តែវាមិនដែលត្រូវបានយកមកប្រើនោះឡើយ ហើយច្បាប់នេះក៏មិនច្បាស់ថាវានឹងត្រូវបានអនុវត្តយ៉ាងដូចម្តេច ផងដែរ។ មិនមានព័ត៌មានលម្អិតណាមួយបញ្ជាក់អំពីរបៀបដែលអ្នកត្រូវបានគេហៅឲ្យចូលបម្រើយោធា នឹងត្រូវអនុវត្តយ៉ាងដូចម្តេចនោះឡើយ ប៉ុន្តែយុវជនមីយ៉ាន់ម៉ាភាគច្រើន មិនចង់ចូលរួមអនុវត្តច្បាប់នេះឡើយ។
ជម្រាបជូនផងដែរថា របបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ ចំពោះការគ្រប់គ្រងដោយខុសច្បាប់របស់ខ្លួន បន្ទាប់ពីការដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងឆ្នាំ២០២១ មក ហើយថ្មីៗនេះពួកគេកំពុងទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារតែកងកម្លាំងប្រដាប់អាវុធរបស់ជនជាតិភាគតិច ដែលប្រឆាំងទៅនឹងការធ្វើរដ្ឋប្រហាររបស់ពួកគេ៕