យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងពិភាក្សាក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួនជាង ១០ពាន់លានដុល្លារ ទៅដល់ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp។
ប្រភពដដែលនេះ បានបន្តអះអាងទៀតថា ការចរចានេះកំពុងស្ថិតនៅក្នុងដំណើរការហើយ ដោយកញ្ចប់ថវិកាដែលនឹងត្រូវផ្តល់ជូនដល់ក្រុមហ៊ុន Intel នេះ នឹងរួមបញ្ចូលទាំងប្រាក់កម្ចី និងការផ្តល់ជំនួយដោយផ្ទាល់។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយនៅដើមខែនេះថា នាយកដ្ឋានរបស់លោកស្រី គ្រោងនឹងផ្តល់ប្រាក់មូលនិធិជាច្រើន ក្នុងរយៈពេលពីរខែខាងមុខ ពីកញ្ចប់ថវិកាសរុបចំនួន ៣៩ពាន់លានដុល្លាររបស់រដ្ឋាភិបាល ដើម្បីជំរុញដល់ការផលិតបន្ទះឈីប semiconductor នៅក្នុងស្រុក។
លោកស្រី Gina បន្ថែមឲ្យដឹងទៀតថា មូលនិធិដ៏ធំនេះ មានបំណងក្នុងការឧបត្ថម្ភធនដល់ការផលិតបន្ទះឈីប និងការវិនិយោគលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធទៅនឹងបន្ទះឈីប ហើយកញ្ចប់ជំនួយនេះក៏នឹងជួយក្រុមហ៊ុនបន្ទះឈីបក្នុងស្រុក ក្នុងការសាងសង់រោងចក្រថ្មី និងបង្កើនផលិតកម្មរបស់ពួកគេផងដែរ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Intel គ្រោងនឹងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មី នៅក្នុងរដ្ឋ Arizona និង New Mexico ក៏ដូចជារោងចក្រថ្មីនៅរដ្ឋ Ohio ដែលវាត្រូវបានគេរំពឹងទុកថានឹងក្លាយជារោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ផងដែរ៕