អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានគេរាយការណ៍មកថា បានណាត់ជួបជាមួយមេធាវីភ្លាមៗ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យរស់នៅក្រៅឃុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការណាត់ជួបជាមួយមេធាវីនោះ គឺដើម្បីជជែកគ្នាពីហានិភ័យមួយទៀត ដែលអាចឲ្យលោក ថាក់ស៊ីន ត្រូវត្រឡប់ចូលពន្ធនាគារជាថ្មី ក្រោយប្រឈមនឹងការចោទប្រកាន់មួយ ជុំវិញការប្រមាថព្រះមហាក្សត្រថៃ។
រំលឹកបន្តិចថា ការចោទប្រកាន់មួយនេះ កើតឡើងកាលពីឆ្នាំ២០១៥ ហើយទើបនឹងត្រូវបានគាស់កកាយជាថ្មី កាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ ដោយការិយាល័យមេធាវីអះអាងថា ការចោទប្រកាន់ត្រូវបានអូសបន្លាយ ដោយសារលោក ថាក់ស៊ីន បានរត់ភៀសខ្លួនរស់នៅក្រៅប្រទេសរាប់សិបឆ្នាំ។
ទោះជាយ៉ាងណា ការិយាល័យមេធាវីនៅមិនទាន់បញ្ជាក់ច្បាស់លាស់ឡើយថា តុលាការនឹងប្ដឹងលោកថាក់ស៊ីន អំពីបញ្ហានេះដែរ ឬអត់? ក៏ប៉ុន្តែប្រទេសថៃប្រកាន់ខ្ជាប់នូវការគោរព ចំពោះអំណាចព្រះមហាក្សត្រខ្លាំងណាស់ ដ្បិតបុគ្គលរូបណាដែលប្រមាថស្ដេច ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងបង់ប្រាក់ពិន័យរាប់លានបាតឯណោះ៕