ម្ចាស់ក្លិបបាល់បោះ Los Angeles Clippers លោក Steve Ballmer នៅតែអាចរក្សារជ្ជកាលប្រាំបួនឆ្នាំរបស់លោក ក្នុងនាមជាម្ចាស់ក្លិបកីឡាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិក ក្នុងចំណោមមហាសេដ្ឋី ៤រូបផ្សេងទៀត។
ខាងក្រោមនេះ យើងនឹងណែនាំឲ្យស្គាល់ពីមហាសេដ្ឋី ៥រូប មានទ្រព្យសម្បត្តិច្រើនបំផុត ដែលកំពុងក្តោបក្តាប់វិស័យកីឡារ នៅក្នុងសហរដ្ឋអាមេរិក ដោយយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។
១. Steve Ballmer វ័យ ៦៧ឆ្នាំ
លោក Steve Ballmer ធ្លាប់បានបម្រើការជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៤។ លោកបានសម្រេចចិត្តទិញក្រុមកីឡាបាល់បោះអាជីព Los Angeles Clippers ដែលជាក្រុមប្រកួតប្រជែងដ៏ខ្លាំងបំផុតមួយ នៅក្នុងលីគបាល់បោះដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក (NBA) ក្នុងឆ្នាំ២០១៤ ហើយបានក្លាយជាម្ចាស់របស់ក្លិបនេះចាប់តាំងពីពេលនោះមក។ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិសរុបរបស់លោក Steve មានចំនួនប្រមាណ ១១៩,៤ពាន់លានដុល្លារអាមេរិក។
២.. Rob Walton វ័យ ៧៩ឆ្នាំ
លោក Rob Walton ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart គឺជាម្ចាស់របស់ក្លិបបាល់ទាត់ Denver Broncos ។ លោកបានទិញយកក្លិប Broncos ក្នុងឆ្នាំ២០២២ ក្នុងតម្លៃប្រមាណ ៤,៧ពាន់លានដុល្លារ ហើយបច្ចុប្បន្ននេះ មានទ្រព្យសម្បត្តិសរុបបរស់ Rob មានប្រហែល ៧០,១ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ។
៣. Miriam Adelson វ័យ ៧៨ឆ្នាំ
លោកស្រី Miriam Adelson គឺជាអ្នកកាន់កាប់ភាគច្រើនបំផុតរបស់ក្លិបបាល់បោះ Dallas Mavericks របស់ក្របខ័ណ្ឌ NBA ។ លោកស្រីក៏ជាអតីតភរិយារបស់លោក Sheldon Adelson ដែលជាអតីតនាយកប្រតិបត្តិ និងជាប្រធានរបស់កាស៊ីណូខ្នាតយក្ស Las Vegas Sands ផងដែរ។ ទ្រព្យសម្បត្តិសរុបរបស់លោកស្រី Miriam បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៦,៤ពាន់លានដុល្លារ។
៤. Daniel Gilbert វ័យ ៦២ឆ្នាំ
លោក Daniel Gilbert ទទួលបានកម្មសិទ្ធិកាន់កាប់ភាគហ៊ុនធំ នៅក្នុងក្លិបបាល់បោះ Cleveland Cavaliers ក្នុងតម្លៃ ៣៧៥លានដុល្លារ នៅឆ្នាំ២០០៥ ។ ទន្ទឹមនឹងនេះ លោក Daniel ក៏ជាប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Rocket ដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសផងដែរ។ យោងតាមទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក មានចំនួនប្រហែល ២៤,៧ពាន់លានដុល្លារ។
៥. David Tepper វ័យ ៦៦ឆ្នាំ
លោក David Tepper គឺជាម្ចាស់ក្លិបកីឡាអាជីពចំនួនពីរគឺ ក្លិបបាល់ទាត់ Charlotte FC និងក្លិបបាល់ឱប Carolina Panthers ។ បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិសុទ្ធសរុបរបស់លោក David មានចំនួនប្រមាណ ២០,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ៕