ក្នុងកិច្ចពិភាក្សាស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ប្រទេសជប៉ុនបានរៀបចំធ្វើជាម្ចាស់ផ្ទះចាំទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal នាថ្ងៃទី១៩ ខែកុម្ភៈនេះ ដោយក្នុងនោះភាគីទាំងពីរក៏បានសន្យាលើសន្ធិសញ្ញាពន្ធទ្វេភាគីថ្មី ព្រមទាំងការគាំទ្រផ្សេងៗទៀតសម្រាប់អាជីវកម្មជប៉ុននៅអ៊ុយក្រែន បើទោះបីជាភ្លើងសង្គ្រាមនៅមិនទាន់រលត់ក៏ដោយ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបញ្ជាក់ថា សង្គ្រាមដែលរុស្ស៊ីលុកលុយអ៊ុយក្រែនឈានមកដល់ឆ្នាំទីបីហើយ ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុជាង ១០ពាន់លានដុល្លារ ខណៈដែលខ្លួនព្យាយាមបង្ហាញពីសាមគ្គីភាពជាមួយកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងគៀវ។ តែយ៉ាងណាក៏ដោយ ជប៉ុនមិនអាចផ្តល់ការគាំទ្រដោយផ្ទាល់បានទេ ពីព្រោះការនាំចេញអាវុធសាហាវគ្រោះថ្នាក់ត្រូវបានហាមឃាត់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនជប៉ុនប្រហែល៥០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីអ៊ុយក្រែននៅក្នុងសន្និសិទលើវិស័យនានា រួមទាំងវិស័យកសិកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ខណៈតម្លៃសរុបនៃកិច្ចព្រមព្រៀងមួយនេះ មិនត្រូវបានបង្ហាញឲ្យដឹងនោះឡើយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចចរចាថា៖ ប្រទេសជប៉ុនកំពុងតែឈរ និងនៅតែបន្តឈរជាមួយអ៊ុយក្រែនជាដរាប។ រដ្ឋាភិបាលជប៉ុននឹងគាំទ្រក្រុមហ៊ុនបណ្តាក់ទុននៅក្នុងប្រទេសអ៊ុយក្រែន ដោយបានសន្យាបន្ធូរបន្ថយការគ្រប់គ្រងទិដ្ឋាការ ហើយបាននិយាយទៀតថា ទីភ្នាក់ងាររដ្ឋាភិបាល JETRO នឹងបើកការិយាល័យថ្មីនៅក្នុងទីក្រុងគៀវផងដែរ ។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយផងដែរថា ប្រជាជនអ៊ុយក្រែនទាំងអស់ នឹងមិនភ្លេចអំពីការគាំទ្ររបស់ប្រទេសជប៉ុនឡើយ ហើយខ្ញុំសង្ឃឹមថា នឹងឃើញមានវត្តមានក្រុមហ៊ុនផលិតរថយន្តធំៗដូចជាតូយ៉ូតាជាដើមនោះ បង្កើតរោងចក្រផលិតរថយន្តនៅក្នុងទឹកដីអ៊ុយក្រែន៕