កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានគម្រាមដល់ក្រុមហ៊ុនហិរញ្ញវត្ថុទាំងឡាយណា ដែលហ៊ានរកស៊ី ជាមួយរដ្ឋាភិបាលរុស្ស៊ី នឹងត្រូវទទួលបានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ខណៈការគម្រាមមួយនេះ បានធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងតួកគី និងរុស្ស៊ី កំពុងប្រឈមនឹងហានិភ័យ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក គឺក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូល របស់វិមានក្រឹមឡាំង និងបង្កការរំខានដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី ដោយមិនធ្វើឲ្យទីផ្សារប្រេងច្របូកច្របល់។
ជាមួយគ្នា តួកគី និងរុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មជួញដូរប្រេងឆៅយ៉ាងសកម្ម ដោយរុស្ស៊ីគឺជាអ្នកនាំចេញប្រេងឆៅ និងប្រេងម៉ាស៊ូតដ៏ធំបំផុត ទៅកាន់សមាជិកអង្គការណាតូមួយនេះ។
តួយ៉ាង រយៈពេល ១១ខែដំបូង កាលពីឆ្នាំមុន តួកគីបាននាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី ក្នុងចំនួនប្រមាណជិត ៩លានតោន និងប្រេងម៉ាស៊ូតប្រមាណ ៩,៤លានតោនផងដែរ។
សូមជម្រាបដែរថា តួកគីគឺជាសមាជិកអង្គការណាតូតែមួយគត់ ដែលមិនជាប់ក្នុងបញ្ជី “Unfriendly List” របស់រុស្ស៊ី ដោយសមាជិកណាតូមួយនេះ តែងតែព្យាយាមដើរតួជាអ្នកសម្របសម្រួល និងរកដំណោះស្រាយចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕