សហភាពអឺរ៉ុប (EU) គ្រោងនឹងចាប់ផ្ដើមការផាកពិន័យលើកដំបូងរបស់ខ្លួន ទៅកាន់ក្រុមហ៊ុន Apple បន្ទាប់ពីរកឃើញថា បានបំពានច្បាប់ EU ជុំវិញការផ្ដល់សេវាកម្មបទចម្រៀងរបស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន FT បានបង្ហាញថា Apple កំពុងប្រឈមនឹងការបង់ប្រាក់ពិន័យប្រមាណ ៥០០លានអឺរ៉ូ ឬជិត ៥៤០លានដុល្លារ ទៅកាន់ EU ខណៈការប្រកាសជាផ្លូវការ រំពឹងធ្វើឡើងនាដើមខែក្រោយ។
បច្ចុប្បន្ននេះ ក្រុមការងារ EU កំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុន Apple តើពិតជាបានរារាំង និងមិនផ្ដល់ព័ត៌មានទៅកាន់អតិថិជន អំពីសេវាកម្មបទចម្រៀងដែលមានតម្លៃធូរថ្លៃជាងកម្មវិធី នៅលើ App Store ពិតមែនឬយ៉ាងណា ព្រោះថាកាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Spotify ធ្លាប់បានរិះគន់ជាផ្លូវការចំពោះក្រុមហ៊ុនយក្សមួយនេះ ទាក់ទងនឹងបញ្ហាស្រដៀងគ្នា។
បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត គណៈកម្មាការអឺរ៉ុប នឹងប្រកាសថា ទង្វើរបស់ក្រុមហ៊ុន Apple គឺផ្ទុយពីច្បាប់ EU ដែលធានាបាននូវការប្រកួតប្រជែងទីផ្សារសេរី សម្រាប់ក្រុមហ៊ុនបរទេសនានាដែលបានចូលមកទីផ្សារអឺរ៉ុប។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Apple មិនធ្លាប់ត្រូវបានទទួលការពិន័យពីសហភាពអឺរ៉ុបឡើយ ដោយធ្លាប់តែទទួលបានការពិន័យពីប្រទេសបារាំង កាលពីឆ្នាំ២០២០ ប្រហែល ១,១ពាន់លានដុល្លារ ក្រោយរងការចោទប្រកាន់ថា បានបំពានច្បាប់ប្រកួតប្រជែងទីផ្សារ៕