កាលពីថ្ងៃទី១៩ ខែកុម្ភៈ ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រីមួយប៉ុណ្ណោះ បានរួមគ្នាព្រមានប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ជុំវិញបំណងក្នុងការវាយលុកទីក្រុង Rafah ខណៈពួកគេបាននិយាយថា វាអាចបង្កជាហានិភ័យកាន់តែខ្លាំងចំពោះជនភៀសខ្លួនប្រមាណ ១,៥លាននាក់ដែលរត់មកជ្រកកោនក្នុងទីក្រុងស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
រដ្ឋមន្ត្រីការបរទេសអៀរឡង់លោក Micheal Martin បាននិយាយមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ នៅទីក្រុងប្រ៊ុចសែលថា ការវាយប្រហារលើទីក្រុង Rafah នឹងមានមហន្តរាយយ៉ាងពិតប្រាកដ ហើយវាគ្មានមនសិការនោះទេ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា ទៅមិនរួចទេក្នុងការទប់ស្កាត់ការស្លាប់របស់ជនស៊ីវិលនៅតំបន់នោះ។ លោកបានបន្ថែមថា យើងត្រូវតែបន្តដាក់សម្ពាធទៅកាន់ប្រទេសអ៊ីស្រាអែល ធ្វើយ៉ាងនេះដើម្បីឲពួកគេយល់ថា មានមនុស្សច្រើនណាស់នៅតាមដងផ្លូវក្នុងទីក្រុង Rafah ហើយវានឹងមិនអាចទៅរួចទេ ដែលមិនប៉ះពាល់ដល់ការស្លាប់របស់ជនស៊ីវិល នៅពេលដែលទីក្រុងត្រូវបានវាយប្រហារនោះ ហើយប្រាកដណាស់ វាប្រឆាំងនឹងការគោរពច្បាប់មនុស្សធម៌។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពច្បាប់មនុស្សធម៌ផងដែរ ប៉ុន្តែលោកស្រីបាននិយាយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន បើសិនជាយុទ្ធជនហាម៉ាសនៅតែបន្តប្រតិបត្តិការពី Rafah ។ ម្យ៉ាងវិញទៀត លោកស្រីបានសង្កត់ធ្ងន់ថា រឿងដែលសំខាន់បំផុតនោះគឺថា ក្រុមហាម៉ាសនឹងទំលាក់អាវុធចុះ។
ជម្រាបបន្ថែមថា បន្ទាប់ពីកិច្ចចរចារបានបញ្ចប់ សមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង២៦ នៃសហភាពអឺរ៉ុប បានអំពាវនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដើម្បីផ្អាកជំនួយមនុស្សធម៌ភ្លាមៗ ក្នុងន័យនេះដើម្បីធ្វើឲ្យមានបទឈប់បាញ់យូរអង្វែង ព្រមទាំងការដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ។
គួរបញ្ជាក់ថា បន្ទាប់ពីការប្រយុទ្ធគ្នាឯតស្រាកស្រាន្តអស់រយៈពេលជិតប្រាំខែមកនេះ អ៊ីស្រាអែលកំពុងតែរៀបចំយុទ្ធសាស្ត្របន្តទៀត ដើម្បីចូលទៅវាយលុកទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈដែលប្រទេសមួយនេះអះអាងថា ជាបន្ទាយចុងក្រោយតែមួយគត់ប៉ុណ្ណោះរបស់ក្រុមហាម៉ាស ម្លោះហើយកងកម្លាំងអ៊ីស្រាអែលបានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាសថា បានសំងំលាក់ខ្លួនឡុកឡំជាមួយជនស៊ីវិល៕