ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន នៅថ្ងៃអង្គារ ទី២០ ខែកុម្ភ:នេះ បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ C919 ចំនួន ៤០ គ្រឿង និងប្រភេទ ARJ21 ចំនួន ១០ គ្រឿង ពី COMAC ដែលជាក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុកដំបូងរបស់រដ្ឋាភិបាលចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ក្រុមហ៊ុនទាំងពីរនេះ បានឈានដល់ការចុះហត្ថខាលើកិច្ចព្រមព្រៀងទិញ លក់របស់ពួកគេ នៅឯខាងក្រៅនៃកម្មវិធីតាំងបង្ហាញ Singapore Airshow ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុន។
សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines និងក្រុមហ៊ុន COMAC បានប្រកាសថាពួកគេនឹងធ្វើការស្រាវជ្រាវរួមគ្នា នូវប្រភេទយន្តហោះ C919 ខ្នាតតូចដែលអាចផ្ទុកអ្នកដំណើរចន្លោះពី ១៤០ នាក់ ទៅ ១៦០ នាក់ និងមានសមត្ថភាពអាចចុះចត នៅអាកាសយានដ្ឋានដែលមានកម្ពស់ខ្ពស់បាន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអាកាសចរណ៍ស៊ីវិលហឺណាន ដែលគាំទ្រដោយរដ្ឋរបស់ចិន នៅថ្ងៃអង្គារដដែលនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COMAC សម្រាប់ការបញ្ជាទិញយន្តហោះប្រភេទ ARJ21 ចំនួន ៦ គ្រឿង ដែលមានឯកទេសសម្រាប់ការពន្លត់អគ្គីភ័យ ផ្តល់សេវាវេជ្ជសាស្រ្ត និងការគ្រប់គ្រងគ្រាអាសន្ន។
ជម្រាបជូនផងដែរថា COMAC បានទទួលការបញ្ជាទិញយន្តដឹកអ្នកដំណើរប្រភេទ C919 ច្រើនជាង ១ ០០០ គ្រឿងរួចមកហើយ គិតមកទល់ពេលនេះ ដែលភាគច្រើនមកពីក្រុមហ៊ុនអាកាសចរណ៍ចិនផ្ទាល់តែម្តង។ នេះបើតាមរបាយការណ៍ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ៕