សិង្ហបុរី ត្រៀមលុយជាង ៧០០លានដុល្លារ អភិវឌ្ឍលើបញ្ញាសិប្បនិម្មិត ក្នុងពេល ៥ឆ្នាំខាងមុខ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី កំពុងមានផែនការក្នុងការវិនិយោគទឹកប្រាក់ច្រើនជាង ១ពាន់លានដុល្លារសិង្ហបុរី (៧៤៣លានដុល្លារ) ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ដើម្បីពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលអាជីវកម្ម និងការបង្កើតថ្មីធំបំផុតមួយរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានប្រកាសពីផែនការថ្មីនេះ ក្នុងអំឡុងការថ្លែងសុន្ទរកថា ពីការបែងចែកថវិកាថ្មីៗ ដោយកត់សម្គាល់ថា បច្ចេកវិទ្យា AI នេះ គឺជាផ្នែកដ៏សំខាន់មួយនៃការវិនិយោគ ដែលអាចផ្តល់ឲ្យសិង្ហបុរី ទទួលបានសិទ្ធិប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់ និងធ្វើការជាមួយក្រុមហ៊ុនឈានមុខគេនៅក្នុងស្រុក និងជុំវិញពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ ដើម្បីជំរុញដល់ការបង្កើតថ្មី។

ទន្ទឹមនឹងនេះ លោក Nithin Chandra ជាប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនប្រឹក្សា Kearney បាននិយាយផងដែរថា គំនិតផ្តួចផ្តើមក្នុងការវិនិយោគលើប្រព័ន្ធ AI នេះ នឹងអាចជួយធានាដល់អាជីវកម្មជាច្រើន ក្នុងការទាញយកប្រយោជន៍ ពីឱកាសដែលទទួលបានដោយការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងចាប់យកឱកាសថ្មីៗបន្ថែមទៀត។

យោងតាម CNBC បានបង្ហាញឲ្យដឹងទៀតថា សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបោះពុម្ពផ្សាយពីផែនការវិនិយោគលើ AI ចាប់តាំងពីឆ្នាំ២០១៩ មក ហើយក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមនូវយុទ្ធសាស្ត្រ AI ថ្នាក់ជាតិជំនាន់ 2.0 ដែលជាកំណែអភិវឌ្ឍចុងក្រោយមួយនៃប្រព័ន្ធ AI របស់ខ្លួន ដោយបង្ហាញពីវិធីរៀបចំសេដ្ឋកិច្ចដើម្បីប្រើប្រាស់ និងទាញយកប្រយោជន៍ពី AI ក្នុងការជួយដល់កម្មករ និងអាជីវកម្ម នៅក្នុងប្រទេស៕