មហិច្ឆតារបស់ក្រុមហ៊ុន Tesla ក្នុងការពង្រីករោងចក្រនៅប្រទេសអាល្លឺម៉ង់ កំពុងជួបប្រទះភាពរអាក់រអួល ដោយសារប្រជាជនក្នុងតំបន់នាំគ្នាប្រឆាំងនឹងផែនការមួយនេះ ដ្បិតវាត្រូវការឈូសឆាយព្រៃឈើ ដើម្បីយកដីពង្រីករោងចក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រោងចក្ររបស់ក្រុមហ៊ុន Tesla នៅអាល្លឺម៉ង់ គឺស្ថិតនៅទីក្រុង Gruenheide ដែលបច្ចុប្បន្ននេះ មានសមត្ថភាពផលិតរថយន្តរហូតដល់ ៥ សែនគ្រឿងក្នុងមួយឆ្នាំ ក៏ប៉ុន្តែក្រុមហ៊ុនមហាសេដ្ឋី Elon Musk មានបំណងបង្កើនការផលិតឲ្យបានដល់ ១លានគ្រឿងក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅទីក្រុង Gruenheide បាននាំគ្នាចេញមុខប្រតិកម្ម និងប្រឆាំង ជាមួយនឹងគម្រោងមួយនេះ ក្រោមហេតុផលការពារព្រៃឈើ ក៏ប៉ុន្តែការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើអាជ្ញាធរក្នុងតំបន់ប៉ុណ្ណោះ។
សូមជម្រាបដែរថា មហិច្ឆតានៃការពង្រីករោងចក្ររថយន្តនៅអាល្លឺម៉ង់ របស់ក្រុមហ៊ុន Tesla កើតមានឡើង បន្ទាប់ពីក្រុមហ៊ុនគូប្រជែងដូចជា BYD កំពុងជ្រៀតចូលទីផ្សារអឺរ៉ុប ដូច្នេះក្រុមហ៊ុនអាមេរិកមួយនេះ ក៏ត្រូវតែត្រៀមខ្លួនដណ្ដើមទីផ្សារអឺរ៉ុប ឲ្យបានមុនគូប្រជែងដ៏ទៃផងដែរ៕