ចិនខកចិត្តជាមួយអាមេរិក ចំពោះទង្វើវេតូលើបទឈប់បាញ់បោះក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

អន្តរជាតិ

ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានវេតូចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈចិនឯណោះវិញក៏ចេញមុខសំដែងការខកចិត្តចំពោះទង្វើរបស់សហរដ្ឋអាមេរិកដូច្នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃអង្គារ ខែកុម្ភៈនេះ សហរដ្ឋអាមេរិកបានវេតូចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយធ្វើការរារាំងចំពោះការទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ខណៈដែលខ្លួនបានរុញច្រានស្ថាប័នដែលមានសមាជិកចំនួន១៥ ឆ្ពោះទៅរកសេចក្តីព្រាងគូប្រជែងដែលអំពាវនាវឲ្យមានបទឈប់បាញ់បណ្តោះអាសន្ន ដែលទាក់ទងទៅនឹងការដោះលែងចំណាប់ខ្មាំងក្រោមការកាន់កាប់ពីសំណាក់ក្រុមហាម៉ាស។

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកបាននិយាយទៀតថា សេចក្តីព្រាងដំណោះស្រាយដែលដាក់ចេញដោយអាល់ហ្សេរី អាចបង្កគ្រោះថ្នាក់ដល់ការចរចារដ៏រសើបវវាងសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា ក្នុងគោលបំណងបញ្ឈប់ការផ្អាកការប្រយុទ្ធ និងធានាការដោះលែងចំណាប់ខ្មាំង។

ជាមួយគ្នានោះ លោក Zhang តំណាងមកពីប្រទេសចិន ដែលជាសំឡេងមួយក្នុងចំណោមសំឡេងដ៏ទៃផ្សេងទៀតគាំទ្រ UNSC ជំរុញឲ្យមានបទឈប់បាញ់ បានហៅរឿងនេះថាជាកាតព្វកិច្ចសីលធម៌ដែលក្រុមប្រឹក្សាមិនអាចគេចវេសបាននោះទេ។ ប្រទេសចិនបង្ហាញពីការខកចិត្តយ៉ាងខ្លាំង និងមិនពេញចិត្តចំពោះទង្វើវេតូរបស់សហរដ្ឋអាមេរិកទាល់តែសោះ។

លោកបាននិយាយទៀតថា ទង្វើវេតូរបស់សហរដ្ឋអាមេរិកជារឿងខុស ដោយវាជំរុញឲ្យស្ថានការណ៍នៅហ្គាហ្សាកាន់តែក្លាយទៅជាតំបន់ដ៏គ្រោះថ្នាក់។ ការជំទាស់នឹងបទឈប់បាញ់នៅហ្គាហ្សា មិនខុសអ្វីពីការបើកភ្លើងខៀវឲ្យមានការសម្លាប់រង្គាលជាបន្តបន្ទាប់នោះទេ។ ការរីករាលដាលនៃជម្លោះកំពុងតែធ្វើឲ្យតំបន់មជ្ឈឹមបូព៌ាមានអស្ថិរភាព ហើយបង្កើនហានិភ័យនៃសង្គ្រាមកាន់តែទូលំទូលាយ។ លោកក៏បានសង្កត់ន័យទៀតថា គឺមានតែការពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សាប៉ុណ្ណោះទេ ទើបធ្វើឲ្យពិភពលោកអាចការពារភ្លើងសង្គ្រាមនរកអវចីយ៍ មិនឆាបឆេះរាលដាលពេញតំបន់បាន។

គួរជម្រាបថា គិតមកទល់នឹងពេលនេះ ការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹក ក្នុងនោះក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបង្ហាញថា ចំននួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងដល់ចំនួន ២៩ ០៩២នាក់ ចំណែកឯអ្នកដែលរងរបួសវិញមានជាង ៦៩ ០០០នាក់ឯណោះ៕