ទោះជាប់ដៃធ្វើសង្គ្រាម រុស្ស៊ីដឹកគ្រាប់ធញ្ញជាតិ ចែកចាយ​ឥតគិតថ្លៃទៅកាន់ប្រទេសអាហ្វ្រិកចំនួនប្រាំមួយ

អន្តរជាតិ

ទោះបីកំពុងជាប់ដៃធ្វើសង្គ្រាមក្តី ថ្មីៗនេះទីក្រុងមូស្គូបានបញ្ចប់គំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃចំនួន ២០០ ០០០តោនទៅកាន់ប្រទេសអាហ្វ្រិកចំនួនប្រាំមួយ ដូចដែលបានសន្យាដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីក្នុងខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ីលោក Dmitry Patrushev បានប្រាប់លោក Putin ក្នុងអំឡុងកិច្ចប្រជុំមួយថា ប្រទេសរុស្ស៊ីបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិប្រមាណ ៥០ ០០០ តោនទៅកាន់ប្រទេសសូម៉ាលី និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល និងចំនួន ២៥ ០០០តោនឯទៀតទៅកាន់ប្រទេសម៉ាលី ប៊ូគីណាហ្វាសូ ហ្ស៊ីមបាវ៉េ និងអេរីទ្រា។

លោក Patrushev បានប្រាប់លោកពូទីនបន្តទៀតថា បន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកបានធ្វើឡើងរួចមក យើងបាននិងកំពុងរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាហ្វ្រិក និងការកសាងកិច្ចសហប្រតិបត្តិការ ជាលទ្ធផល យើងអាចផ្តល់បរិមាណស្រូវសាលីដល់ប្រទេសទាំងនេះបានយ៉ាងឆាប់រហ័ស។ ជាមួយគ្នានោះ រុស្ស៊ីរំពឹងថានឹងនាំចេញគ្រាប់ធញ្ញជាតិឲ្យបានរហូតដល់ ៧០លានតោនក្នុងឆ្នាំកសិកម្ម ២០២៣-២០២៤ ។ លើសពីនោះទៅទៀតលោកបានបន្ថែមថា កាលពីរដូវកាលមុន ប្រទេសរុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិចំនួន ៦៦លានតោន ដែលមានតម្លៃជិត ១៦,៥ពាន់លានដុល្លារ។

គួររំលឹកផងដែរថា កាលពីអំឡុងខែកក្កដាឆ្នាំមុន លោកពូទីនបានសន្យាថានឹងផ្តល់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃ ដល់ប្រទេសទាំងប្រាំមួយនៅក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិក បន្ទាប់ពីទីក្រុងម៉ូស្គូកាលនោះបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលសំដៅទៅលើការអនុញ្ញាត ឱ្យអ៊ុយក្រែនអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួនបានយ៉ាងមានសុវត្ថិភាព បើទោះបីជាសង្គ្រាមរវាងខ្លួន និងអ៊ុយក្រែនកំពុងតែបន្តប្រយុទ្ធគ្នាក៏ដោយ៕