រូបិយប័ណ្ណរីងហ្គីតរបស់ប្រទេសម៉ាឡេស៊ី ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន

អន្តរជាតិ

រូបិយប័ណ្ណរីងហ្គីតរបស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយ:ពេល ២៦ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃអង្គារ ទី២០ ខែកុម្ភ: ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការជួញដូរចុងក្រោយមួយកាលពីថ្ងៃអង្គារ លុយរីងហ្គីតម៉ាឡេស៊ី បានធ្លាក់ចុះជិត ០,៣% មកនៅត្រឹម ៤,៨រីងហ្គីត បើធៀបទៅនឹង ១ដុល្លារអាមេរិក ដែលជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីខែមករា ឆ្នាំ១៩៩៨ មក ដែលកាលនោះកំពុងមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី។

គួរឲ្យដឹងថា រូបិយប័ណ្ណរបស់ប្រទេសម៉ាឡេស៊ី បានរងនូវការធ្លាក់ថ្លៃជាង ៤% រួចមកហើយនៅក្នុងឆ្នាំនេះ ដោយមួយផ្នែកធំត្រូវបានរងផលប៉ះពាល់ដោយសារតែ​កម្សោយ​នៃការនាំចេញ និងការកើនឡើងនៃអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី លោក Datuk Abdul Rasheed Ghaffour បាននិយាយថា ដំណើរការរូបិយប័ណ្ណរីងហ្គីតត្រូវបានរងផលប៉ះពាល់ដោយសារកត្តាខាងក្រៅ ដូចជាការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ក៏ដូចជាការព្រួយបារម្ភអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Datuk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្រិតចុះទាបនៃប្រាក់រីងហ្គីតបច្ចុប្បន្នមិនបានផ្តល់ផលប៉ះពាល់ពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចម៉ាឡេស៊ីដែលនឹងឆ្ពោះទៅមុខនោះទេ ខណ:លោកបានបង្ហាញ​ការ​រំពឹង​ទុក​ខ្ពស់ថា​នឹង​មាន​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ឡើងវិញ ស្របពេលការនាំចេញទំនិញរបស់​ម៉ាឡេស៊ី​គួរ​តែ​អាចមាន​ឥទ្ធិពល​វិជ្ជមាន​លើ​រូបិយប័ណ្ណ​ នៅ​ឆ្នាំ​នេះ ផងដែរ៕