ស្ថាបនិកក្រុមហ៊ុន Facebook គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងលើកដំបូង ក្រោយខកខានជាងមួយ​ទសវត្ស

អន្តរជាតិ

មហសេដ្ឋីអាមេរិកលោក Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុន Meta និងពីមុនមកត្រូវបានគេស្គាល់ថាជា Facebook គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង នាដើមសប្តាហ៍ក្រោយនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីមួយនេះ ក្រោយខកខានរយៈពេលជាងមួយទសវត្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីជាមិនទាន់មានព័ត៌មានលម្អិតណាមួយជុំវិញការធ្វើដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Mark ក៏ដោយ ប៉ុន្តែប្រភពព័ត៌មានក្នុងស្រុកជាច្រើន បានបង្ហើបថាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta អាចជួបជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ពោលគឺដូចគ្នាទៅនឹងដំណើរលើកដំបូងទៅកាន់ប្រទេសកូរ៉េ ក្នុងខែមិថុនា ឆ្នាំ២០១៣ ដែរ។

ជុំវិញដំណើរទស្សនកិច្ចដ៏សំខាន់នេះ លោក Mark ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការផ្គត់ផ្គង់បន្ទះឈីប AI និងបញ្ហាទាក់ទងទៅនឹង AI ទូទៅផ្សេងទៀត ហើយក៏អាចជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ផងដែរ។ នេះបើតាមការចុះផ្សាយពីកាសែត Seoul Economic Daily ។

នៅក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta រូបនេះ បានសន្យាថានឹងបង្កើតបញ្ញាសិប្បនិម្មិតទូទៅ ឬហៅថា AGI ក្នុងគោលបំណងដាក់ដំណើរការប្រព័ន្ធថ្មីនេះដោយបើកចំហរ។

ជម្រាបជូនផងដែរថា AGI គឺជាទម្រង់នៃបញ្ញសប្ប​និម្មិត្ត​ AI ដែលមានសមត្ថភាពខ្ពស់ ក្នុងការយល់ រៀន និងអនុវត្តចំណេះដឹងនៅទូទាំងកិច្ចការងារជាច្រើន៕