មហាសេដ្ឋី Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ជុំវិញការបំពាក់បន្ទះឈីបនៅក្នុងខួរក្បាលរបស់មនុស្ស ដោយលោកមិនយល់ស្របជាមួយរឿងមួយនេះឡើយ។
យោងតាមការចុះផ្សាយពីគេហទំព័រ Softonic បានបង្ហាញថា អំឡុងពេលថតផតខាស Morning Brew Daily មេធំ Facebook បាននិយាយថា បច្ចេកវិទ្យាឥឡូវពិតជាជឿនលឿនខ្លាំងមែន ក៏ប៉ុន្តែបើនិយាយរឿងដាក់បន្ទះឈីប ក្នុងខួរក្បាលនាពេលនេះ លោកមិនឯកភាពឡើយ និងបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាមួយនេះ គួរតែឆ្លងកាត់ការពិសោធន៍ឲ្យបានច្រើនជាងនេះសិន សឹមយកមកប្រើប្រាស់លើមនុស្ស។
បើទោះជាមិនបាននិយាយចំៗក្ដី ក៏ប៉ុន្តែគេអាចដឹងបានថា លោក Mark Zuckerberg ចង់សម្ដៅទៅលើក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ដែលទើបទទួលបានការជោគជ័យ លើការវះកាត់ដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស កាលពីប៉ុន្មានសប្ដាហ៍មុន។
គួររំលឹកបន្តិចថា ក្រុមហ៊ុនមហាសេដ្ឋី Elon Musk បានអះអាងថា ការបំពាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស នឹងជួយព្យាបាលជំងឺប្រចាំកាយនានាដូចជា អូទីសឹម និងជំងឺវិកលចរិត ហើយកាន់តែអស្ចារ្យនោះគឺ បន្ទះឈីបនោះ នឹងអនុញ្ញាតិឲ្យជនពិការ ទទួលបាននូវបទពិសោធន៍ផ្សេងៗ ដែលពួកគេមិនធ្លាប់ជួប៕