យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភ:នេះថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះដល់ទៅ ១២,៤៦% នៅក្នុងខែមករាកន្លងទៅ មកនៅត្រឹមចំនួន ១៤២ ១០២ គ្រឿងប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំមុន ខណ:ពេលដែលការលក់ក្នុងស្រុកក៏ធ្លាក់ចុះខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បាននិយាយថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះដល់ទៅ ១៦,៤២% ក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានបន្តទៀតថា ការនាំចេញរថយន្តក៏បានធ្លាក់ចុះប្រហែល ០,១% ផងដែរ។
ទន្ទឹមនឹងនេះ លោក Surapong បាននិយាយទៀតថា ការធ្លាក់ចុះទិន្នផលផលិតភាគច្រើនគឺដោយសារធនាគាររឹតបន្តឹងទាក់ទងទៅនឹងកម្ចីសម្រាប់រថយន្តប្រភេទភីកអាប់ ស្របពេល FTI បានព្យាករថា ការផលិតរថយន្តសរុបនៅឆ្នាំនេះ អាចមានចំនួន ១,៩ លានគ្រឿង ខណ:ក្នុងឆ្នាំ២០២៣ កន្លងទៅ ការផលិតរថយន្តសរុបមានចំនួន ១,៨៤ លានគ្រឿង។
ជម្រាបជូនផងដែរថា ប្រទេសថៃត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ ៕