អ្នកជំងឺដាំបន្ទះឈីបក្នុងខួរក្បាលរបស់ក្រុមហ៊ុនលោក Elon Musk អាចបញ្ជា Mouse កុំព្យូទ័របានដោយគ្រាន់តែការគិត

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX មហាសេដ្ឋី Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកជំងឺដែលត្រូវបានយកមកតេស្តសាងល្បងជាមួយនឹងបច្ចេកវិទ្យាដាំបន្ទះឈីបក្នុងខួរក្បាលរបស់ក្រុមហ៊ុន Neuralink ឥឡូវនេះ ជាសះស្បើយពេញលេញហើយ និងថែមទាំងមានសមត្ថភាពអាចបញ្ជា Mouse កុំព្យូទ័របាន ដោយគ្រាន់តែការគិតប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បាននិយាយនៅក្នុងកម្មវិធីមួយ នៅលើវេទិការបណ្តាញសង្គម X របស់ខ្លួនថា ៖ ” អ្នកជំងឺដំបូងរបស់យើង ហាក់ដូចជាបានជាសះស្បើញពេញលេញហើយ ដោយគ្មានផលប៉ះពាល់ណាមួយនោះឡើយ​​ ហើយគាត់ថែមទាំងអាចគ្រប់គ្រង Mouse កុំព្យូទ័របាន និងបញ្ជាវាឲ្យផ្លាសទីជុំវិញអេក្រង់ ដោយគ្រាន់តែការគិតប៉ុណ្ណោះ”។

គួរឲ្យដឹងផងដែរថា Neuralink គឺជាក្រុមហ៊ុនបង្កើតថ្មីមួយរបស់មហសេដ្ឋីសញ្ជាតិអាមេរិករូបនេះ ដោយផ្តោតសំខាន់ទៅលើការផ្សាំខួរក្បាលជាមួយនឹងដាក់បញ្ចូលនូវបន្ទះឈីប ដើម្បីជួយមនុស្សអាចប្រើប្រាស់សរសៃប្រសាទរបស់ពួកគេក្នុងការគ្រប់គ្រងបច្ចេកវិទ្យាខាងក្រៅ ខណ:ក្រុមហ៊ុននេះ ក៏មានគោលបំណងធំក្នុងការជួយដល់ជន​ពិការភាព​ ដែលបាត់បង់ដូចជាចក្ខុវិស័យ និងការនិយាយស្តីផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Neuralink បានចាប់ផ្តើមជ្រើសរើសអ្នកជំងឺសម្រាប់ការសាកល្បងព្យាបាលលើកដំបូង ក្នុងការដាំបន្ទះឈីបក្នុងខួរក្បាល បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាលើបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតមួយនេះ កាលពីក្នុងខែឧសភា៕