ស្ដេចស៊ុលតង់ម៉ាឡេស៊ី Ibrahim Iskandar បានទិញស្លាកលេខរថយន្តដ៏ពិសេសមួយគឺ GOLD 1 ក្នុងតម្លៃប្រមាណ ១,៥លានរីងហ្គីត ឬប្រហែល ៣១៤ ៧០០ដុល្លារ ដែលជាតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅក្នុងប្រទេសម៉ាឡេស៊ី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ស្លាកលេខរថយន្ត GOLD គឺត្រូវបានបង្កើតឡើង ដើម្បីអបអរសាទរខួបទី៥០ នៃសហព័ន្ធម៉ាឡេស៊ី ហើយវាត្រូវបានដាក់ឲ្យដេញថ្លៃតាំងពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ក្នុងតម្លៃចប់ពី ២០ ០០០រីងហ្គីត ឬប្រហែល ៤ ១៧២ដុល្លារ។
កន្លងមកមហាសេដ្ឋីម៉ាឡេស៊ីរូបនេះ ក៏ធ្លាប់ដេញថ្លៃឈ្នះស្លាកលេខរថយន្តពិសេសមួយទៀតគឺ FF1 ក្នុងតម្លៃប្រមាណ ២៥០ ៣០០ដុល្លារ កាលពីខែមិថុនា ឆ្នាំ២០២៣ ផងដែរ។
សូមជម្រាបដែរថា ស្ដេចស៊ុលតង់អង្គនេះ គឺជាអ្នកស្រលាញ់រថយន្តប្រណីតៗ ហើយទ្រង់តែប្រមូលរថយន្តកម្រៗ យន្តហោះឯកជន ក៏ដូចជាសត្វកម្រៗជាច្រើនផងដែរ ខណៈបច្ចុប្បន្នទ្រង់ជាស្ដេច ដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយអង្គប្រចាំតំបន់អាស៊ាន ជាមួយទំហំទ្រព្យសម្បត្តិសរុបប្រមាណ ៥,៧ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Business Insider៕