មហាសេដ្ឋីវៀតណាមគ្រោងចាយជិត ៦ពាន់លានដុល្លារ ទិញយន្តហោះបន្ថែម ២០គ្រឿង

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet របស់មហាសេដ្ឋី Nguyen Thi Phuong Thao កំពុងមានគម្រោងចាយលុយជិត ៦ពាន់លានដុល្លារ ទិញយន្តហោះបន្ថែមចំនួន ២០គ្រឿង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន VietJet កំពុងត្រៀមថវិកា ៥,៩ពាន់លានដុល្លារ ដើម្បីទិញយន្តហោះប្រភេទ A330-900 ពីក្រុមហ៊ុន Airbus ចំនួន ២០គ្រឿង ដើម្បីជំនួសយន្តហោះម៉ូដែលចាស់ A330-300 របស់ខ្លួន។

ដោយឡែក ក្រុមហ៊ុន Airbus ក៏បានចេញមុខបង្ហើបថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង២ កំពុងស្ថិតនៅក្នុងការចរចា ក៏ប៉ុន្តែវាគ្រោងនឹងសម្រេចជាផ្លូវការនាពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយការដឹកជញ្ជូនយន្តហោះដំបូងពីក្រុមហ៊ុនអឺរ៉ុប មកកាន់ក្រុមហ៊ុនវៀតណាម នឹងធ្វើឡើងនៅឆ្នាំ២០២៦។

សូមជម្រាបដែរថា បើសិនជាកិច្ចព្រមព្រៀងមួយនេះជោគជ័យ វានឹងក្លាយជាការទិញយន្តហោះធំបំផុតរបស់ក្រុមហ៊ុន VietJet ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនមានយន្តហោះប្រមាណ ១១០គ្រឿង កំពុងចរាចរនៅលើផ្លូវអាកាសអន្តរជាតិចំនួន ៣០ខ្សែ៕